(ភ្នំពេញ)៖ ការបង្ហាញទំនាក់ទំនងស្អិតល្មួតកាន់តែខ្លាំងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលចិននាពេលបច្ចុប្បន្នបានក្លាយទៅជាបច្ច័យមិនល្អក្នុងក្រសែភ្នែក របស់ពលរដ្ឋកម្ពុជាមួយចំនួនដែលមាននិន្នាការសេរីនិយម ឬអ្នកដែលមានសមានចិត្តខ្ពស់ជាមួយប្រទេសលោកសេរីជាពិសេសសហរដ្ឋអាមេរិក។ តែក៏មានពលរដ្ឋកម្ពុជាភាគច្រើនទៀត កំពុងសម្តែងការពេញចិត្តចំពោះការអនុវត្តន៍បន្ទាត់នយោបាយអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ដោយពួកគេបានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើនយោបាយការទូតអន្តរជាតិរបស់ខ្លួនប្រៀបដូចផ្កាចម្រុះពណ៌រីកស្គុះស្គាយក្នុងសួនតែមួយ។

អ្វីទៅប្រយោជន៍របស់កម្ពុជាក្នុងទំនាក់ទំនងអន្តរជាតិនៅដើមសតវត្សរ៍ទី២១នេះ? ជាចំណងជើងនៃអត្ថបទទស្សនៈរបស់លោក តាន់ ហ្សង់-ហ្វ្រង់ស័រ (Jean-François Tain) ដែលជានាយកគ្រប់គ្រងការផ្សាយ ជាខេមរភាសានៃវិទ្យុបារាំង និងជាអ្នកវិភាគបញ្ហានយោបាយអន្តរជាតិដ៏ល្បាញល្បីមួយរូប។

ក្នុងអត្ថបទនេះលោក តាន់ ហ្សង់-ហ្វ្រង់ស័រ បានឲ្យប្រជាពលរដ្ឋកម្ពុជាមើលឲ្យបានឆ្ងាយ ដោយមិនត្រូវយកទំនាក់ទំនងរវាងកម្ពុជានាសតវត្សរ៍ថ្មី ទៅប្រៀបធៀបជាមួយទំនាក់ទំនងក្នុងសម័យនៃសង្គ្រាមត្រជាក់នោះឡើយ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃអត្ថបទរបស់លោក តាន់ ហ្សង់-ហ្វ្រង់ស័រ ដែលបង្ហោះលើទំព័រ Facebook របស់លោក៖

ពិភពលោកនៅដើមសតវត្សរ៍ទី២១នេះ និងពិភពលោកសម័យសង្គ្រាមត្រជាក់ចន្លោះឆ្នាំ១៩៤៧-១៩៩១ មានលក្ខណៈខុសគ្នាស្រឡះ។ ម៉្លេះហើយខ្មែរមិនត្រូវច្រឡំសម័យកាលទេ មិនត្រូវយកវ៉ែនតាសម័យសង្គ្រាមត្រជាក់មកពាក់ ដើម្បីសម្លឹងមើលភូមិសាស្ត្រនយោបាយអន្តរជាតិបច្ចុប្បន្នទេ។

ក្នុងសម័យសង្គ្រាមត្រជាក់ មនោគមវិជ្ជា គឺជាត្រីវិស័យនៃទំនាក់ទំនងអន្តរជាតិ។ រីឯនៅដើមសតវត្សរ៍ទី២១នេះវិញ សេដ្ឋកិច្ចសំខាន់ជាងអ្វីៗទាំងអស់ សំខាន់ជាងមនោគមវិជ្ជា សំខាន់ជាងនយោបាយ សំខាន់ជាងសិទ្ធិមនុស្ស ពោលគឺដូចដែលអតីតមេដឹកនាំចិន តេង សៀវប៉េង (Deng Xiaoping) បានលើកឡើងតាំងពីចុងទសវត្សរ៍ទី៧០ម្ល៉េះថា «ឆ្មាខ្មៅឬស មិនសំខាន់ អ្វីដែលសំខាន់ គឺឲ្យតែវាពូកែចាប់កណ្តុរ»។ អ៊ីចឹងហើយ បានជាសម័យឥឡូវ អាមេរិកសេរី រកស៊ីជាមួយចិនកុម្មុយនិស្ត បណ្តាប្រទេសអឺរ៉ុបប្រជាធិបតេយ្យរកស៊ី ជាមួយបណ្តាប្រទេសអាស៊ី ដែលភាគច្រើនជារបបផ្តាច់ការ ខុសផ្ទុយពីសម័យសង្គ្រាមត្រជាក់ដែលកាលណោះ បស្ចិមលោកគ្មានទំនាក់ទំនងជាមួយពិភពកុម្មុយនិស្តទេ។ អ៊ីចឹងហើយដែរ បានជានៅក្នុងពិភពលោកបច្ចុប្បន្ន ប្រេស៊ីល ឬអាហ្វ្រិកខាងត្បូង ឬក៏ឥណ្ឌា និងសហភាពអឺរ៉ុប ឬអាស៊ាន លេចមុខមាត់ឡើងក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំៗ ឬជាប៉ូលសេដ្ឋកិច្ចសំខាន់ៗ។

ខ្មែរមិនត្រូវច្រឡំសម័យកាលទេ មិនត្រូវស្វែងយល់ពីស្ថានភាពភូមិសាស្ត្រនយោបាយអន្តរជាតិបច្ចុប្បន្ន ដោយប្រើប្រាស់ទឡ្ហីករណ៍ និងគំនិតចាស់គំរឹលនៃសម័យសង្គ្រាមត្រជាក់ទេ។ ក្នុងសម័យសង្គ្រាមត្រជាក់ដែលមានប៉ូលតែពីរ ឈរជើងនៅខាងប្លុកសេរី គឺប្រឆាំងនឹងពិភពកុម្មុយនិស្ត ឈរជើងនៅខាងសូវៀត គឺប្រឆាំងនឹងអាមេរិក។ នៅក្នុងសម័យដើមសតវត្សរ៍ទី២១នេះវិញ លក្ខណៈពហុប៉ូលនៃពិភពលោក គឺជាស្ថានភាពពិតជាក់ស្តែងដែលអាមេរិកនៅតែមិនព្រមទទួលស្គាល់ ដ្បិតវាធ្វើឱ្យមហាអំណាចមួយនេះបាត់បង់អនុត្តរភាព អានុភាព និងកិត្យានុភាព។ មិនតែប៉ុណ្ណោះ លក្ខណៈពហុប៉ូលនៃពិភពលោកបច្ចុប្បន្ន ក៏បណ្តាលឱ្យបស្ចិមលោកបាត់បង់សាមគ្គីភាពដែរ មានន័យថា អាមេរិក បណ្តាប្រទេសអឺរ៉ុបប្រជាធិបតេយ្យ កាណាដា និងជប៉ុន។ល។ មិនមែនត្រូវគ្នាជាដរាប រហូតដល់និយាយជាសម្លេងសឹងតែមួយ និងធ្វើអ្វីមួយក្នុងកាយវិកាសឹងតែមួយនៅលើឆាកអន្តរជាតិដូចកាលសម័យសង្គ្រាមត្រជាក់នោះទេ។

ម្ល៉េះហើយនៅក្នុងពិភពលោកពហុប៉ូលបច្ចុប្បន្ន ពាក្យថា «កម្ពុជាអព្យាក្រឹត» គឺជាពាក្យហួសសម័យ។ និយាយថា «កម្ពុជាមិនចាត់ទុកអ្នកណាជាសត្រូវ» វាត្រឹមត្រូវជាង។ នៅក្នុងន័យនេះ បើកម្ពុជាស្និទ្ធស្នាលនឹងចិន មិនមែនមានន័យថា កម្ពុជាជាសត្រូវរបស់អាមេរិកនោះទេ។ បើកម្ពុជាមិនទទួលបានការយកចិត្តទុកដាក់ពីអាមេរិក មិនមែនមានន័យថា គ្រប់បណ្តាប្រទេសអឺរ៉ុបប្រជាធិបតេយ្យទាំងអស់ ឬក៏គ្រប់បណ្តាប្រទេសអាស៊ីប្រជាធិបតេយ្យទាំងអស់ ដូចយ៉ាង ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ឬឥណ្ឌូណេស៊ី មិនឱ្យតម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជាសោះនោះទេ។

ខ្មែរត្រូវយល់ថា នៅដើមសតវត្សរ៍ទី២១នេះ ពួកមហាអំណាចពិភពលោក និងពួកមហាអំណាចតំបន់សុទ្ធតែខិតខំពង្រឹងឥទ្ធិពលរបស់ពួកគេរៀងៗខ្លួន នៅក្នុងដែនអំណាចរបស់ពួកគេរៀងៗខ្លួន ដោយប្រើប្រាស់ជាពិសេសជំនួយសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម។ ម្ល៉េះហើយកម្ពុជាមិនត្រូវអល់អែកទេ ក្នុងការទាញចំណេញពីការប្រកួតប្រជែងគ្នា ជាអាទិ៍រវាងអាមេរិក និងចិន រវាងអាមេរិកនិងរុស្ស៊ី រវាងរុស្ស៊ីនិងចិន រវាងចិននិងជប៉ុន រវាងចិននិងឥណ្ឌា ឬរវាងចិននិងវៀតណាម។ល។ និង។ល។

លុយគ្មានក្លិនមនោគមវិជ្ជាទេ លុយគ្មានពណ៌ផ្តាច់ការ ឬពណ៌ប្រជាធិបតេយ្យទេ ជាពិសេសពេលដែលកម្ពុជាត្រូវការវា ដើម្បីសាងសង់ផ្លូវដែក ផ្លូវថ្នល់ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋាន។ និយាយរួមអ្វីដែលត្រូវតែជាអាទិភាពទីមួយបង្អស់របស់កម្ពុជានៅក្នុងទំនាក់ទំនងអន្តរជាតិដើមសតវត្សរ៍ទី២១នេះ គឺប្រយោជន៍សេដ្ឋកិច្ច ពីព្រោះកម្ពុជាដែលនៅតូចច្រម៉ក់ ត្រូវតែមានមហិច្ឆតាក្លាយជាខ្លាសេដ្ឋកិច្ចឲ្យបានឆាប់រហ័ស ដើម្បីពង្រឹងបណ្តើរៗឯករាជ្យភាពរបស់ខ្លួន។ ម្ល៉េះហើយ ប្រយោជន៍សេដ្ឋកិច្ចកម្ពុជានៅទីណា កម្ពុជាត្រូវតែងាកទៅទីនោះ។

យ៉ាងណាមិញ សម្រាប់កម្ពុជា លទ្ធិប្រជាធិបតេយ្យក៏គួរតែជាគោលដៅមួយចាំបាច់ដែរ ដែលត្រូវដើរទន្ទឹមគ្នានឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាការពិត ចិន វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី សិង្ហបុរី។ល។ និង។ល។ សុទ្ធសឹងជាឧទាហរណ៍ដែលបង្ហាញយ៉ាងជាក់ស្តែងថា លទ្ធិប្រជាធិបតេយ្យមិនមែនជាកក្តាចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទេ។ ប៉ុន្តែដើម្បីអភិវឌ្ឍប្រទេសប្រកបដោយគុណភាពនិងតុល្យភាព ដើម្បីអភិវឌ្ឍប្រទេសសម្រាប់ប្រយោជន៍ជាតិជាងសម្រាប់ប្រយោជន៍បក្ខពួក ចាំបាច់ត្រូវតែមានលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យជាអាទិ៍តាមរយៈនិតិរដ្ឋ អាចកាត់បន្ថយអំពើពុករលួយ អាចដាក់ទោសដោយមិនរើសមុខជនល្មើសច្បាប់ អាចញែកចេញពីគ្នាច្បាស់លាស់សម្បត្តិជាតិ និងសម្បត្តិបក្ខពួក អាចតម្រូវឲ្យថ្នាក់ដឹកនាំបម្រើជាតិជាងបំផ្លាញជាតិ។

ក៏ប៉ុន្តែលទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រាប់ពូជ នៃប្រព័ន្ធនយោបាយមួយដែលត្រូវតែនាំចូលមកពីបស្ចិមលោក យកមកបណ្តុះទាំងបង្ខិតបង្ខំក្នុងទឹកដីប្រទេសមួយ ឲ្យចេញជាផ្លែផ្កាភ្លាមៗបាននោះទេ។ គំនិតបែបនេះត្រូវបានអាមេរិកអនុវត្តនៅអ៉ីរ៉ាក់ (Iraq) ក្នុងឆ្នាំ២០០៣។ កាលណោះសម្រាប់ប្រធានាធិបតីប៊ូស (Bush) អាមេរិកត្រូវហ៊ានប្រើគ្រប់មធ្យោបាយ រួមទាំងមធ្យោបាយសឹកផង ដើម្បីធ្វើឲ្យរលកប្រជាធិបតេយ្យគ្របដណ្តប់ទៅលើទូទាំងពិភពលោក ពិសេសនិងជាបឋមទៅលើភូមិភាគមជ្ឈិមបូព៌ា ហើយរបបរបស់ សាដ្តាំ ហ៊ូស្ស៊េន (Saddam Hussein) នៅអ៉ីរ៉ាក់ គឺជារដ្ឋអំណាចដែលអាមេរិកត្រូវផ្តួលរំលំមុនគេ។ មកទល់សព្វថ្ងៃជាង១៥ឆ្នាំក្រោយមកអ៉ីរ៉ាក់មិនត្រឹមតែមិនទាន់ស្គាល់ លទ្ធិប្រជាធិបតេយ្យពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់អស់រលីងទៅទៀតស្ថិរភាពនិងសន្តិភាព។

នៅអាស៊ី មកទល់ពេលនេះ មានតែប្រទេសពីរគត់ដែលជាមន្ទីរពិសោធន៍នៃលទ្ធិប្រជាធិបតេយ្យនាំយកពីបស្ចិមលោកមកដាក់ឲ្យប្រើប្រាស់ទាំងបង្ខិតបង្ខំនោះគឺជប៉ុន និងកម្ពុជា។ បណ្តាប្រទេសប្រជាធិបតេយ្យអាស៊ីដទៃផ្សេង ដូចយ៉ាង តៃវ៉ាន់ កូរ៉េខាងត្បូង ហ្វីលីពីន និងឥណ្ឌូណេស៊ី សុទ្ធតែបានដើរចេញម្តងបន្តិចៗដោយខ្លួនឯងពីរបបផ្តាច់ការយោធា ដើម្បីក្រសោបយកដោយខ្លួនឯងលទ្ធិប្រជាធិបតេយ្យ។

បើសិនជា ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ ក្រោមការបង្ខិតបង្ខំរបស់អាមេរិក បានឆ្លងចេញដោយជោគជ័យពីរបបផ្តាច់ការមកជារបបប្រជាធិបតេយ្យបែបបស្ចិមលោក កម្ពុជាផ្ទុយទៅវិញ ជាឧទាហរណ៍មួយជាក់ស្តែងដែលបង្ហាញថា កង្វះឆន្ទៈនៅខាងក្នុងប្រទេស និងកម្លាំងអន្ទះអន្ទែងហួសហេតុពេក ពីក្នុងមកវិញបូកផ្សំនឹងការបង្ខិតបង្ខំពីក្រៅអាចនាំប្រទេសមួយ ឱ្យដើរថយក្រោយវិញនៅលើមាគ៌ាប្រជាធិបតេយ្យ។

ករណីជោគជ័យនៃប្រទេសជប៉ុន គឺជាករណីពិសេស។ ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ និងនៅក្នុងបរិបទនៃពិភពលោកប៉ូលតែពីរក្រោមចំហាយសង្គ្រាមត្រជាក់ ងើបក្បាលមិនរួច ធ្វើអ្វីមិនកើត ក្រៅតែពីទទួលយកនូវអ្វីៗដែលអាមេរិកបានសម្រេច និងបានបង្ខំឲ្យធ្វើរួមមានជាអាទិ៍រដ្ឋធម្មនុញ្ញសន្តិនិយម ដែលបណ្តាលឱ្យប្រទេសអាស៊ីមួយនេះបាត់បង់មិនតិចទេ ឯករាជ្យម្ចាស់ការរបស់ខ្លួន និងធ្វើឲ្យប្រទេសអាស៊ីមួយនេះមិនមែនជាមហាអំណាចពេញលក្ខណៈមកទល់សព្វថ្ងៃ។

រីឯលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាវិញ ដើម្បីសម្រេចជោគជ័យ ត្រូវការពេលវេលា ត្រូវការឲ្យមានការចាក់ឫសពីក្នុងមកវិញជាងសម្ពាធពីក្រៅ។ ការចាក់ឫសពីខាងក្នុងមកវិញ មានន័យថា ត្រូវការសុឆន្ទៈពិតប្រាកដរបស់ថ្នាក់ដឹកនាំ បក្សប្រឆាំងមួយប្រកបដោយស្មារតីទទួលខុសត្រូវ សកម្មភាពចម្រុះ និងគ្មាននិន្នាការនយោបាយរបស់អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយមួយដែលស្គាល់តួនាទីពិតប្រាកដរបស់ខ្លួន និងប្រជារាស្ត្រមួយចេះដឹងជ្រៅជ្រះ។ រីឯការបង្ខិតបង្ខំពីក្រៅមកវិញ ពិសេសពីសំណាក់បស្ចិមលោកអាចញ៉ាំងនៅទីបំផុត ឲ្យកម្ពុជាងាកចេញពីមាគ៌ាប្រជាធិបតេយ្យ ដើម្បីបែរទៅរកគំរូផ្សេងនៅក្នុងតំបន់អាស៊ីមួយពហុប៉ូល និងសម្បូរទៅដោយរបបផ្តាច់ការ។

ដោយឡែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីសម្រេចជោគជ័យត្រូវការលក្ខណៈ «កម្ពុជានិយម» ខ្លះៗមានន័យថា ត្រូវការយកចិត្តទុកដាក់ទៅលើប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ឧទាហរណ៍ច្បាប់ប្រមាថព្រះមហាក្សត្រ គឺត្រូវតែមានដោយខានមិនបាន ពីព្រោះវប្បធម៌ខ្មែរមិនអាចទទួលយកបានទេ ការជេរប្រមាថស្តេច ដែលជានិមិត្តរូបតំណាងនិរន្តរភាពជាតិ ខុសផ្ទុយពីប្រពៃណីបស្ចិមលោកដែលក្នុងនាមសេរីភាព និងក្នុងនាមគោលការណ៍ប្រជាធិបតេយ្យ បើកសិទ្ធិឲ្យពលរដ្ឋជេររហូតដល់ព្រះអាទិទេព។ ដូចគ្នាអ៊ីចឹងដែរ ប្រវត្តិសាស្ត្រកម្ពុជាដែលតាំងពីឆ្នាំ១៩៧០មក បង្ហាញនូវការបង្ហូរឈាមគ្នាជាដរាប ពេលមានព្យុះនយោបាយបោកបក់ម្តងៗ តម្រូវឲ្យបក្សកាន់អំណាច និងបក្សប្រឆាំងសន្ទនាគ្នា ជាជាងប្រជែងកម្លាំងគ្នាតាមរយៈបាតុកម្ម និងកូដ្ឋកម្មដូចនៅបស្ចិមប្រទេស តាមរយៈសង្គ្រាមពាក្យសំដី និងការញុះញង់ឲ្យស្អប់ខ្ពើមគ្នាបែប «ទឹកឡើងត្រីស៊ីស្រមោច ទឹកស្រកស្រមោចស៊ីត្រី»៕