(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA First ) បានប្រកាសពីការដាក់បញ្ចូលនូវកម្មវិធីសិក្សាថ្មីមួយទៀត ស្ដីពី «ចំណេះដឹងផ្នែកហិរញ្ញាវត្ថុ» (Money Tree finterracy program) ដើម្បីជំរុញចក្ខុវិស័យរបស់សាលា ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹងគ្រប់ជ្រុងជ្រោយ និងចេះដោះស្រាយ បញ្ហាប្រឈមនានា ទាក់ទងនិងហរិញ្ញាវត្ថុ។

កម្មវិធីនេះ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាលើកដំបូង សម្រាប់សិស្សដែលមានវ័យចាប់ពី៩ ទៅ១២ឆ្នាំ ដោយសាលា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនិង Learning Vision Co.,Ltd នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោក សំអាត ហ៊ីមស្ព្រង់ ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលសាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានថ្លែងថា «សាលាមានគោលដៅអប់រំក្មេងៗ ជំនាន់ក្រោយឲ្យមានផ្នត់គំនិត និងទម្លាប់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលទាក់ទងនិងផ្នែកហិរញ្ញវត្ថុនាពេលអនាគត ហើយនេះជាគោលដៅមួយ ក្នុងចំណោមគោលដៅជាច្រើនរបស់សាលា»

លោក ហ្វីលីប ម៉ាស្ដុត ដែលជាអ្នកសម្របសម្រួលផ្នែកកម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់សាលា បានថ្លែងថា «កម្មវិធី Money Tree មានលក្ខណៈស្របគ្នាយ៉ាងល្អ ប្រសើរជាមួយ និងទស្សនវិជ្ជាអប់រំរបស់សាលា ក្នុងការផ្ដល់ឱកាសឲ្យសិស្សដោះស្រាយបញ្ហាពិត ជាក់ស្ដែងដែលកើតមានឡើង ក្នុងពិភពលោកដោយមិនផ្ដោតតែទៅលើទ្រឹស្ដី មួយមុខនោះទេ»

លោក បានបន្ថែមទៀតថា កម្មវិធីសិក្សានេះ ស្របគ្នាទៅនិងលទ្ធផលសិក្សាដែលសាលា រំពឹងទុកជាពិសេសទាក់ទងនិងការសម្រេចចិត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយផ្នែក លើការ វិភាគលើគ្រប់ទិន្នន័យដែលមានដោយនៅក្នុងនោះ តម្រូវឲ្យសិស្សធ្វើការសម្រេចចិត្តផ្នែកហរិញ្ញវត្ថុ ព្រមទាំងសិក្សាពីភាពជោគជ័យ និងកំហុសដែលកើតមានឡើង។

លើសពីនេះទៅទៀត កម្មវិធី Money Tree មានដាក់បញ្ជូលនូវសកម្មភាពដែលបណ្ដុះបណ្ដាលទម្លាប់ ដែលស្របគ្នា និងទម្លាប់នៃការគិតទាំង១៦ ដែលសាលាបានបញ្ចូលទៅក្នុងកម្មវិធី សិក្សារបស់ខ្លួន ជាពិសេស គឺការគ្រប់គ្រងអារម្មណ៍រំជើបរំជួល ឫអន្ទះសាររបស់ខ្លួន ដោយក្នុងនោះសិស្សត្រូវរៀនគ្រប់គ្រងចំណង់ក្នុងការចាយវាយខ្ជះខ្ជាយ របស់ខ្លួនតាមរយៈការថ្លឹងថ្លែង អំពីការតម្រូវការ និងការចង់បាន។

លោក Michael Reyes ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Money Tree ប្រចាំតំបន់អាស៊ី ប៉ា ស៊ីហ្វិក បានលើកឡើងថា វាជាកិត្ដិយសរបស់ក្រុមហ៊ុនលោក ដែលមានឱកាសធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាលាអន្ដរជាតិមួយ ក្នុងចំណោមសាលាអន្ដរជាតិដែលនាំមុខគេក្នុងប្រទេសកម្ពុជា។

លោកក៏បានបន្ថែមទៀតថា Money Tree តែងតែព្យាយាមរកឱកាស ក្នុងការធ្វើការជាមួយសាលាដែល មានទស្សនវិជ្ជា និងគោលការណ៍ផ្ដោតលើការផ្ដល់គុណភាព អប់រំដែលល្អបំផុតដល់សិស្សានុសិស្ស ហើយនៅក្នុងន័យនេះ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គឺជាសាលាដំបូងគេក្នុងប្រទេសកម្ពុជា។

លោកក៏បានលើកឡើងបន្ថែមទៀតផងដែរថា Money Tree ត្រូវបានបង្កើតឡើងដោយផ្អែកលើទស្សនវិជ្ជាដ៏សាមញ្ញមួយ គឺថាចំណេះដឹង ភាពឆ្លាតវ័យផ្នែកហិរញ្ញវត្ថុ ជាទ្រព្យសកម្មមួយ ដែលមានសារសំខាន់ ប្រសិនបើមនុស្សចង់មានអនាគតផ្នែកហរិញ្ញវត្ថុមួយដែលប្រសើរ ក៏ដូចជាជីវិតដែលចៀសចាកផុតពីក្ដីបារម្ភនានាផ្នែកហិរញ្ញវត្ថុ។

សូមជម្រាបថា កិច្ចសហការនេះ កើតចេញជារូបរាងខណៈពេលដែលធនាគារជាតិនៃកម្ពុជា បានស្នើឲ្យដាក់បញ្ចូលកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុទៅគ្រប់សាលាទាំងអស់ នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០១៩ ប៉ុន្ដែស្របពេលជាមួយគ្នានេះ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានឈានដើរមួយជំហានមុនរួចទៅហើយ និងកំពុងបន្ដដំណើរទៅមុខលើសពីការរំពឹងទុក។

កិច្ចសហប្រតិបត្តិការនេះ នឹងធានាឲ្យបានថា សិស្សានុសិស្សអាចអភិវឌ្ឍទម្លាក់ល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមានចំពោះសហគមន៍ទាំងមូល៕