(បន្ទាយមានជ័យ)៖ ខណៈដែលមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃនោះ រហូតមកដល់បច្ចុប្បន្ននេះបង្ក្រាបអំពើក្លែងបន្លំ មន្ត្រីកាំកុងត្រូលបាននិងកំពុងខិតខំ ប្រឹងប្រែងខ្លាំងឡើង ក្នុងការដឹកនាំការងារត្រួតពិនិត្យ និងបង្ក្រាបទប់ស្កាត់ រាល់ទំនិញម្ហូបអាហារ ប៉ះពាល់ដល់សុខភាព ទទួលបានលទ្ធផលល្អប្រសើរ ជាងពេលមុនៗឆ្ងាយណាស់ ។
ជាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះលោកសាន វិជ្ជាសារ៉ាវុធប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ចុះអនុវត្ត ទប់ស្កាត់បទល្មើសមុខម្ហូបអាហារគ្មានគុណភាពនាំយកឆ្លងដែនតាមច្រកទ្វារតាមប្រទេសជិតខាង។
លោកសាន វិជ្ជាសារ៉ាវុធប្រធានកាំកុងត្រូលសាខាខេត្តប្រាប់ថា បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុត ឲ្យមន្ត្រីក្រោមឱវាទ ត្រូវនាំគ្នាបង្ក្រាប ទប់ស្កាត់បទល្មើស ទំនិញម្ហូបអាហារ ខូចគុណភាពទាំងឡាយ ឱ្យមានប្រសិទ្ធភាព និងមិនត្រូវយកតួនាទីរបស់ខ្លួនទៅប្រព្រិត្តអំពើផ្ដេសផ្ដាស ដែលជាទង្វើអសកម្មឡើយ ។
លោកប្រធានសាខាបន្ត កាំកុងត្រូលសាខាខេត្តយើងតែងអនុវត្តនូវយុទ្ធសាស្ត្រ «ភ្លៀងរលឹម» ក្នុងការដឹកនាំកម្លាំង ចុះទៅត្រួតពិនិត្យ គុណភាពទំនិញ ស្ទើររៀងរាល់ថ្ងៃ ទាំងនៅលើទីផ្សារនានា និងទៅដល់ទីកន្លែង ផលិតដោយផ្ទាល់តែម្ដង ឲ្យតែសង្ស័យពាក់ព័ន្ធ នឹងទំនិញម្ហូបអាហារ ដែលអាចធ្វើឲ្យមានការ ប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ឬទំនិញក្លែងបន្លំផ្សេងៗ តួយ៉ាងដូចជា ទំនិញគ្រឿងកំប៉ុង គ្រឿងវេចខ្ចប់ មី គុយទាវ ប្រហិត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកបរិសុទ្ធ ស្រាបៀរ ស្រាថ្នាំ... និងទំនិញហូបចុកប្រចាំថ្ងៃ សាច់ បន្លែ ផ្លែឈើ... ជាច្រើនមុខទៀត ។
លោកបន្តថាបង្កើនការយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវធ្វើយ៉ាងណាគ្រប់គ្រង ត្រួតពិនិត្យគុណភាព ទំនិញគ្រប់ប្រភេទលើទីផ្សារ ក៏ដូចជាទំនិញនាំចូល តាមគ្រប់ច្រកទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាន នូវទំនិញពុំត្រឹមត្រូវដូចជា ផលិតផលសារធាតុគីមី... ដែលមានបញ្ញត្តិគ្រប់គ្រង ការនាំចូលម្ហូបអាហារក្រោមស្តង់ និងត្រូវបង្កើន ការត្រួតពិនិត្យ ទំនិញនាំចេញ ពិសេសការធ្វើវិញ្ញាបនកម្មផលិតផល ដើម្បីការពារគុណភាព ផលិតផលនាំចេញ បង្កើនលទ្ធភាពនាំចូល ទៅកាន់ទីផ្សារទៀតផង... ។
លោកប្រធានបានបញ្ជាក់ដែរថា មន្ត្រីកាំកុងត្រូលយើងកំពុងធ្វើឱ្យ ម្ហូបអាហារប៉ះពាល់សុខភាព ត្រូវកាត់បន្ថយបានយ៉ាងច្រើន ជាការផ្ដល់ភាពកក់ក្ដៅ និងធានានូវ សុវត្ថិភាពម្ហូបអាហារ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈ មានសុខសន្តិភាព និងការអភិវឌ្ឈ រីកចម្រើនរុងរឿង ឈានឡើងជាបន្តបន្ទាប់ ឥតមានឈប់ឈរ... ៕