(ភ្នំពេញ)៖ គណៈអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងបើកប្រជុំម្តងទៀត នៅព្រឹកព្រលឹម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីពិចារណា និងសម្រេចដាក់សេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញទាំង៥មាត្រា ទៅក្នុងកិច្ចប្រជុំវិសាមញ។ នេះបើតាមការអះអាងរបស់ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
លោក ឈាង វុន បានអះអាងថា នៅព្រឹកថ្ងៃទី១៤ កុម្ភៈ រដ្ឋសភា នឹងប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ម្តងទៀត មុនកិច្ចប្រជុំវិសាមញ្ញ។ កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ នឹងធ្វើនៅម៉ោង៧៖៣០នាទីព្រឹក ហើយកិច្ចប្រជុំវិសាមញ នឹងធ្វើឡើងនៅម៉ោង៨៖០០ព្រឹក។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលរៀបចំកែប្រែថ្មីចំនួន៥មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ជាមួយនឹងសេចក្តីព្រាងច្បាប់ចំនួន៣ទៀត។ សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ បានកែប្រែជាថ្មីនូវមាត្រាមួយចំនួនដូចជា មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ចំពោះការសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានធ្វើឡើង ដើម្បីលើកស្ទួយតម្លៃជាតិខ្មែរ ក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិតេយ្យជាតិ និងឯករាជ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ តាមគ្រប់រូបភាព ព្រមទាំងដើម្បីលើកស្ទួយការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ដែរថា ចំពោះការកែប្រែមាត្រា១១៨ នៃរដ្ឋធម្មនុញ្ញវិញ គឺធ្វើឡើងដើម្បីឆ្លើយតបឲ្យបានត្រឹមត្រូវតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការទទួលខុសត្រូវរបស់សមាជិករាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា ក៏ដូចជាផ្អែកលើបទពិសោធន៍នៃការងារអភិបាលកិច្ចបណ្តាប្រទេសជឿនលឿន ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងឋានៈជាប្រមុខរដ្ឋរាជរដ្ឋាភិបាល។ ការធ្វើវិសោធនកម្មមាត្រា ១១៨ថ្មី នេះមិនត្រឹមតែអាចបន្ថយចំនួន សមាភាព រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការពង្រឹងការទទួលខុសត្រូវខ្ពស់របស់សមាជិក រាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា និងការបង្កើនប្រសិទ្ធភាព នៃការងាររបស់អង្គនីតិប្រតិបត្តិតាមរយៈការកែទម្រង់លើរចនាសម្ព័ន្ធ និងអភិបាលកិច្ចនៃអង្គនីតិប្រតិបត្តិ នឹងអង្គមុខងារសាធារណៈផងដែរ៕