(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ បានចុះទៅត្រួតពិនិត្យ និងបិទចោលតែម្តង ទីកន្លែងបញ្ចាំងកុន «Home Cinema» ស្ថិតនៅផ្ទះលេខ S-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយរកឃើញភាពមិនប្រក្រតីនៅក្នុងបន្ទប់ មានដាក់សុទ្ធតែ ពូកដេកទៀត ដែលអាចឲ្យអ្នកចូលមើលកុន អាចប្រព្រឹត្តសកម្មភាពអ្វីផ្សេងៗបាន។
ប្រតិបត្តិការខាងលើនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ព្រុំ សំខាន់ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក យិន សាន អធិការនគរបាលខណ្ឌផងដែរ។
សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា នៅពេលសមត្ថកិច្ចចុះពិនិត្យនៅខាងក្នុងបន្ទប់មើលកុននីមួយៗ ឃើញថា មានសុទ្ធតែដាក់ពូកដេកទៀតផង ហើយភាគច្រើនបំផុតនោះ ជាកន្លែងប្រមូលផ្តុំដោយក្រុមយុវវ័យ (សិស្សសាលា) ទាំងស្រីទាំងប្រុស និងខ្លះទៀតជាសង្សារ បានចូលទៅមើលកុន ក្នុងបន្ទប់បិទជិតនេះ។
យ៉ាងណាក៏ដោយ សម្រាប់ក្រុមយុវវ័យមិនទាន់គ្រប់អាយុ ដែលសមត្ថកិច្ចបានឆ្មក់ចូលទៅឃើញនោះ គ្រាន់តែហៅអាណាព្យាបាលមកធានាតែប៉ុណ្ណោះ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
អធិការរងនគរបាលខណ្ឌចំការមន លោក ហ៊ាង ថារ៉េត បានឲ្យដឹងថា ប្រតិបត្តិការចុះបិទទីតាំងបញ្ចាំងកុននេះ គឺបន្ទាប់ពីមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកស្រី កែវ សុគន្ធា។ បើតាមការបញ្ជាក់ពីលោក ហ៊ាង ថារ៉េត «ទីតាំងបញ្ចាំងកុននេះ គឺមានភាពមិនប្រក្រតី ដោយវាចម្លែកត្រង់ថា មិនមានកៅអីសម្រាប់ អង្គុយមើលទេ ប៉ុន្តែគេបែរជាដាក់គ្រែពូកសម្រាប់មនុស្សពីរនាក់ដេកមើលទៅវិញ»។
ជាមួយគ្នានោះដែរ លោកអធិការរង ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ មេត្តាជួយពិនិត្យ មុននិងចេញអាជ្ញាប័ណ្ណ ប្រកបរបរអាជីវកម្ម សូមពិនិត្យផង ជាពិសេសពាក់ព័ន្ធ និងក្រសួងវប្បធម៌ ព្រោះថា ការបើកទីតាំងបញ្ចាំងកុននេះ មិនមានមនុស្សចាស់ ឬក្មេងៗទៅមើល ភាគច្រើនមានតែក្មេងជំទង់ៗ ចូលមើលតែពីរនាក់ប្រុសស្រី ហើយក្នុងទីតាំងបញ្ចាំងនេះគេដាក់ពួកឲ្យដេក ដែលវាអាច និងឲ្យអ្នកចូលមើលប្រព្រឹត្តិរឿងអ្វីផ្សេងៗខុសប្រពៃណី។ ការដែលស្នើសុំឲ្យក្រសួងពាក់ព័ន្ធពិនិត្យ មុននិងអនុញ្ញាតឲ្យបើកអាជីវកម្មនេះ គឺដើម្បីការពារសេចក្តីថ្លៃថ្នូ និងវប្បធម៌ប្រពៃណីខ្មែរ ឲ្យកុំយុវជនចូលទៅប្រព្រឹត្តរឿងមិនគម្បី៕