(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា គ្រោងផ្ដល់ថវិកាចំនួន ២០ម៉ឺនដុល្លារ ជូនដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ការចាប់ផ្ដើមបណ្ដុះបណ្ដាលដល់យុវជន ដែលចាប់យកជំនាញបច្ចេកទេសអគ្គិសនី និងព័ត៌មានវិទ្យា ហើយចាប់ពីឆ្នាំ២០១៩ តទៅ អគ្គិសនីកម្ពុជានឹងឧបត្ថម្ភប្រចាំឆ្នាំចំនួន ១០ម៉ឺនដុល្លារ។
ការគ្រោងឧបត្ថម្ភថវិកានេះ ត្រូវបានបញ្ជាក់ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោក កែវ រតនៈ បានបញ្ជាក់ថា អគ្គិសនីកម្ពុជាគ្រោងផ្តល់ថវិកា ២០ម៉ឺនដុល្លារ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យុវជន-យុវនារី ដែលចាប់យកវគ្គជំនាញបច្ចេកទេសអគ្គិសនី និងព័ត៌មានវិទ្យា។ លោកថា នេះគឺអនុវត្តតាមទស្សនៈរបស់សម្តេច ហ៊ុន សែន ដែលថាការផ្តល់ការអប់រំ និងបណ្តុះបណ្តាលឲ្យយុវជនមានការងារ ប្រសើរជាងការបង្កើតមណ្ឌលកែប្រែ ឬពន្ធនាគារ។
លោក ពេជ សោភ័ន បានឲ្យដឹងថា គម្រោងបណ្ដុះបណ្ដាលនេះ ក៏អាចផ្ដល់ឱកាសឲ្យសិស្សនិស្សិត-គ្រូទៅធ្វើទស្សនកិច្ចសិក្សាចាំបាច់ នៅមូលដ្ឋានការងាររបស់អគ្គិសនីកម្ពុជាផងដែរ។ រីឯអគ្គិសនីកម្ពុជា ក៏ទទួលបានធនធានមនុស្សសម្រាប់បម្រើការងារក្នុងវិស័យរបស់ខ្លួនដែរ ដើម្បីធ្វើឲ្យវិស័យអគ្គិសនីនៅកម្ពុជាមានការអភិវឌ្ឍ ហើយសមស្របទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ពិសេសឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។
លោក កែវ រតនៈ បានឲ្យដឹងថា កិច្ចសហការក្នុងអនុស្សរណៈនេះ មិនមានកំណត់រយៈពេលទេ ចាប់ពីឆ្នាំ២០១៩ តទៅ អគ្គិសនីកម្ពុជានឹងឧបត្ថម្ភប្រចាំឆ្នាំចំនួន ១០ម៉ឺនដុល្លារ ដល់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកថ្លែងដូច្នេះថា «ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃទៅ ស្អីក៏ប្រើអគ្គិសនីដែរ អគារធំណាក៏ត្រូវការអគ្គិសនី រោងចក្រណាត្រូវការមានមេភ្លើង អ៊ីចឹងតម្រូវការអគ្គិសនីក្នុងប្រទេសយើង មានលក្ខណៈទូលំទូលាយ ទាំងអស់នេះជាការចូលរួមចំណែកវិភាគទានមួយជាមួយក្រសួងការងារ ដើម្បីជួយជំរុញគោលនយោបាយរបស់សម្ដេចតេជោ ក្នុងការបណ្ដុះបណ្ដាលជំនាញអគ្គិសនី និងជំនាញកុំព្យូទ័រ ឲ្យយុវជនយើងមានការងារធ្វើ មានចំណូលដើម្បីទប់ទល់ជីវភាពរបស់គាត់ ក៏ដូចជាការផ្ដល់កិត្តិយសឲ្យគាត់ ដែលទាំងនេះជាសុបិន្ត និងឆន្ទៈរបស់សម្ដេចតេជោ»។
លោកបានជម្រាបថា បច្ចុប្បន្ន អគ្គិសនីកម្ពុជាមានវិស្វករជំនាញជាង ៥ពាន់នាក់ ដោយមិនទាន់រាប់បញ្ចូលសេវាករដែលចែកចាយអគ្គិសនីទូទាំងប្រទេសជាង ៣០០នាក់ទៀត និងមិនទាន់រាប់ទាំងជាងភ្លើងនៅតាមមូលដ្ឋាននានាជាច្រើននាក់ផងដែរ ហើយទៅថ្ងៃអនាគត វិស័យអគ្គិសនីត្រូវការបុគ្គលិកជំនាញ សេវាករ និងជាងជំនាញជាច្រើននាក់ទៀត៕