(ភ្នំពេញ)៖ ទីបំផុត ! រដ្ឋសភា បានសម្រេចកោះប្រជុំវិសាមញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ កំណត់ទោសធ្ងន់លើ អ្នកប្រមាថព្រះមហាក្សត្រ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត ។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀល ថ្ងៃទី១២ ខែកុ​ម្ភៈ ឆ្នាំ២០១៨នេះ។

រសៀលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័ត តាមរបៀបវារៈ មួយចំនួនដូចជា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងកោះប្រជុំវិសាមញ។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ រដ្ឋសភា បានប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី ជូនដល់ គណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យនិងសិក្សា មុននឹងបញ្ជូនទៅអនុម័ត។

ដោយឡែកសម្រាប់ កិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ នឹងមានរបៀបវារៈមួយចំនួនដូចជា៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលកំណត់ទោសកាន់ធ្ងន់សម្រាប់ជនណាមួយ ដែលហ៊ានប្រមាថដល់ព្រះព្រះមហាក្សត្រ។

២៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។

៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕