(ភ្នំពេញ)៖ ដោយទទួលបានការណែនាំពីប្រធានប្រតិភូទទួលបន្ទុក នាយកដ្ឋានកាំកុងត្រូល និងប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ​ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារសង្កាត់អូឬស្សី២ និងហាងលក់ទំនិញមួយចំនួន ក្នុងខណ្ឌ៧មករា ដើម្បីត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ។

ជាពិសេសផ្តោតទៅលើផលិផល សណ្តែកដី ត្រី ផលិតផលពីត្រី និងខ្ទឹមស ដែលនាំចូលពីប្រទេសភូមា ឡាវ ឥណ្ឌូនេស៊ី និងប្រទេសចិន ដែលតំរូវឲ្យក្រុមហ៊ុនទាំងនោះ ប្រមូលយកទៅវិញដើម្បី ទប់ស្កាត់គ្រោះថ្នាក់ ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាយថាហេតុ។ ក្រោយ​ពីការត្រួតពិនិត្យឃើញថា ពុំមានតាំងលក់លើទីផ្សារទេ និងធ្វើការស្រាវជ្រាវបន្តទៀត។
លោក​ គង់​ វុទ្ធី​ បានឲ្យដឹងថា​ ក្នុងប្រតិបត្តិការនេះក្រុមការងារលោក បានធ្វើតេសបឋមទៅលើទំនិញដែលមានហានិភ័យខ្ពស់ ដូចជា៖ សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច ទឹកត្រាំមើមក្រអៅឈូក ដើម្បីរកសារធាតុគីមីហាមឃាត់ ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ ព្រមទាំងបានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ។

ជាមួយគ្នានេះ លោក​អនុប្រធានកាំកុងត្រូល បាន​ណែនាំដល់ក្រុមអាជីវករ​ទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណៈ​បច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​ លោកក៏បានអំពាវនាវដល់ អាជីវករ អ្នកចែក​ចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់​លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមី ហាមឃាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕