(ភ្នំពេញ)៖ សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៥រូប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញ ដើម្បីប្រឆាំងនឹង សេចក្តីសម្រេចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនសិនប៉ិច ដែលបណ្តេញពួកគេចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីចុងខែមករា កន្លងទៅ។
ពាក្យបណ្តឹងរបស់ សមាជិកទាំង៥នាក់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលរួមមាន៖ លោក សេង ហាក់ស៊្រុន, លោក មៀច សំរួល, លោក កាន់ វុឌ្ឍី, លោក សួន ផល្លី, លោក គឹម រ៉ាវី និង លោក ណុប ផន បានបញ្ជាក់ថា ការសម្រេចបណ្តេញពួកគេចេញពីគណបក្សហ៊្វុនស៊ិនប៉ិចនេះ គឺផ្ទុយទៅនឹងលក្ខន្តិកៈគណបក្ស ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់ ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ពួកគេ និងអយុត្តិធម៌។ សមាជិកហ្វ៊ុនស៊ិនប៉ិច ដែលរងការបណ្តេញចេញទាំងនោះ បានស្នើឱ្យតុលាការជួយរកយុត្តិធម៌ដល់ពួកគេ និងផ្តល់ភាពជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ដល់ពួកគេវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីសម្រេចមួយដោយបណ្តេញ អគ្គលេខាធិការរងម្នាក់ និងមន្រ្តី៣រូបផ្សេងទៀត ដែលគណបក្សចាត់ទុកថា បានបំផុសបំផុលញត្តិទាមទារ ឲ្យដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការបក្ស។ សមាជិកជាន់ខ្ពស់ របស់គណបក្សហ៊្វុនស៊ិនប៉ិច៤រូបនោះ រួមមាន៖ លោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការរង, លោក ណុប ផន, លោក មៀច សំរួល និងលោក ភាព ភាជន៍។
សេចក្តីសម្រេចរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឡើងបន្ទាប់ពីមានសមាជិកមួយចំនួន ដែលគេសង្ស័យដឹកនាំដោយលោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការង នៃគណបក្សហ៊្វុនស៊ិនប៉ិច បានបង្កើតញត្តិជាបន្តបន្ទាប់ ដើម្បីស្នើសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការគណបក្ស ដោយចោទប្រកាន់ មន្រ្តីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច ទាំង២រូបនេះថា ប្រកាន់បក្ខពួកនិយម និងមានអំពើពុករលួយ៕