(កោះកុង)៖ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ សំឃិត វៀន បានបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំកុំឲ្យអាជីវករលក់គ្រឿងផ្ទុះ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា នៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ជិតឈានចូលមកដល់នាពេលប៉ុន្មាន ថ្ងៃខាងមុខនេះ លោកបានធ្វើការជូនដំណឹងដល់កម្លាំងអធិការក្រុងស្រុកទាំងអស់ ធ្វើយ៉ាងចុះរៀបចំសណ្តាប់ធ្នាប់ ការពារសុវត្ថិភាពប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ហើយត្រូវធ្វើការជូនដំណឹងដល់ អាជីវករទាំងអស់ មិនត្រូវឲ្យមានដាក់តាំងលក់រំសេវ ផាវ ជាគ្រឿងផ្ទុះឡើយ ព្រោះទាំងអស់នេះ វាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ហេតុនេះត្រូវធ្វើការទប់ស្កាត់មុនជាងវាងកើតបញ្ហាផ្សេងៗ។
លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបន្ថែមថា នៅពេលបុណ្យចូលឆ្នាំចិន វៀនណាមនេះ លោកបានដាក់កម្លាំងនៅគ្រប់គោលដៅ ដើម្បីការសន្តិសុខ សុវត្ថិភាពក្នុងដំណើរកំសាន្ត ទេសចរណ៍របស់បងប្អូនប្រជាពលរដ្ឋ តែលោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបើកបរគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕