(ភ្នំពេញ)៖ នៅតែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ «ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ឬ Valentine's Day» នឹងចូលមកដល់។

«Valentine's Day ឬ ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់» ដែល​​យុវវ័យ​មួយចំនួន​ហៅថា «ថ្ងៃបុណ្យ​សង្សារ» ជា​ថ្ងៃ​ដែលរៀបចំ ​ដើម្បី​រំលឹក​ដល់​សេចក្តីស្រលាញ់ របស់បព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់។

បច្ចុប្បន្នបុណ្យនេះ កំពុងចាក់ឫសក្នុងដួងចិត្តរបស់ ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ស្រទាប់​យុវវ័យ។ «Valentine's Day»​ ត្រូវបាន​គេ​ប្រារ​ព្ធ​ឡើង ​នៅក្នុង​ថ្ងៃទី ១៤ ខែ​កុម្ភៈ​រៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញអំណោយ ផ្កាកូឡាប ជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះ ផុងខ្លួនលះបង់ខ្លួនប្រាណដើម្បីបង្ហាញពី ក្តីស្រឡាញ់ចំពោះសង្សាររបស់ខ្លួនទៀតផង។

តើ « Valentine's Day» មាន​ប្រវត្តិបែបណាខ្លះ? នៅពេលនេះ FRESH NEWS សូមលើកយកនូវប្រវត្តិបុណ្យនេះ ជូនលោកអ្នកស្វែងយល់ដូចខាងក្រោម៖

Saint Valentine ជា​ឈ្មោះ​បព្វ​ជិត​ដែលមាន​កំណើត​នៅក្នុង​ប្រទេស​រ៉ូម នៅក្នុង​រជ្ជ​កាល​អធិរាជ ​ClaudiusII។ នៅក្នុង​ប្រវត្តិ​ជនជាតិ​រ៉ូ​ម៉ាំង ថ្ងៃទី១៤ កុម្ភៈ ​គឺជា​ថ្ងៃ​ឈប់សំរាក​សំរាប់​គោរព​ដល់​ព្រះមហាក្សត្រិយា​នី​របស់​ប្រទេស​នេះ។ ប្រជាជន​រ៉ូ​ម៉ាំង បានចាត់ទុក​ព្រះរាជ​នីថា ជា​ព្រះ​ជា​ម្ចាស់​ តំណាងឲ្យ​នារី​ទាំងអស់​នៅក្នុង​ប្រទេស ​និង​ជា​ព្រះ​ជា​ម្ចាស់​នៃ​អា​ពា​ហ៍ពិ​ពា​ហ៍​ដ៏​ស្រស់បំព្រង​មួយ។ ពិ​ធី​នេះ​ត្រូវបាន​គេ​ធ្វើ​ភ្ជាប់​ជាមួយ​បុណ្យ Lupercalia ជា​បុណ្យ​ធ្វើឡើង​សំរាប់​បណ្តេញ​ឆ្កែចចក​ដែល​តែងតែ​មក​បំផ្លាញ​ដំណាំ​នៅតាម​ឈូង​សមុទ្រ និង​ជា​ពិ​ធី​មួយ​ដែល​ប្រជាជន​ធ្វើឡើង​សំរាប់​សុំឲ្យ ​ដំណាំ​របស់គេ​កាន់តែ​ទទួលបាន​ផល​ច្រើនជាង​ឆ្នាំ​ចាស់។

សម័យ​កាលនោះ ការរស់នៅ​របស់​កំលោះ និងនារី​ក្រមុំ ត្រូវបាន​គេ​ចែក​អោយនៅ​ដាច់ពីគ្នា​ និង​តឹងរ៉ឹង​បំផុត។ ប៉ុន្តែ​ក្នុង​ថ្ងៃបុណ្យ Lupercalia ​កំលោះ​និង​ក្រមុំ​ត្រូវបាន​គេ​អនុញ្ញាតអោយ​ជួបគ្នា។ ស្រី​ក្រមុំ​​ជន​ជាតិ​រ៉ូ​ម៉ាំង​ទាំងអស់ ​ត្រូវ​សរសេរឈ្មោះ​របស់​ពួកគេ​ដាក់​ក្នុង​ដប និង​បណ្តែត​តាម​ទឹក ហើយកំលោះៗជា​អ្នក​ចាំ​ទទួល​ដប​ទាំងនោះ។ អ្នក​ដែល​ទទួលបាន​ដប​ទាំងនោះ​ នឹងត្រូវ​ជាគូ​នឹងនារី​ដែលមាន​ឈ្មោះ​ក្នុង​ដប។ ជាទូទៅ​ពួកគេ​បានក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ ហើយ​អាច​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​បាន។

នៅក្នុង​សម័យកាល​រជ្ជ​កាល​អធិរាជ Claudius II ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា​សម័យ​បង្ហូរឈាម។ ដោយសារ​មានការ​លំបាក​ក្នុងការ​បញ្ចុះបញ្ចូល​អោយ​ប្រជាជន ពិសេស​យុវជន​ចូលរួម​ធ្វើជា​កងទ័ព ព្រះរាជា​រូបនេះ​យល់ឃើញថា​ មូលហេតុ​ដែល​ធ្វើអោយបុរសៗមិន​ព្រម​ធ្វើជា​កងទ័ព ​ពីព្រោះ​តែ​ពួកគេ​មិន​ចង់​ចាក​ចេញពី​គ្រួសារ និង​មនុស្ស​ដែល​គេ​ស្រលាញ់។ ខណៈ​ពេលនោះ​ ព្រះរាជា​បាន​ហាមឃាត់​មិនឲ្យមាន ការ​រៀប​អាពាហ៍ពិពាហ៍​និង​ការភ្ជាប់​ពាក្យ​រវាង​កំលោះ និង​ក្រមុំ​ជនជាតិ​រ៉ូ​ម៉ាំង​ទាំងនោះ។ ប្រជាជន​មួយចំនួនធំ​ មិន​គាំទ្រ​ចំពោះ​ច្បាប់​ដែល​អធិរាជ​រូបនេះ​បានកំណត់​ឡើយ។ ដោយសារតែ​ដូចនេះហើយ​ទើប​លោក ​Valentine ​បាន​លួច​រៀប​អាពាហ៍ពិពាហ៍​អោយ​គូ​សង្សារ​មួយចំនួន​ដោយ​សំងាត់។ មិនយូរប៉ុន្មាន​សកម្ម​ភាព​នេះ​ត្រូវបាន​គេ​ដឹង។ ស្តេច ​Cludius ​បានចេញ​បទបញ្ជា​អោយ​ប្រហារជីវិត​លោក ​Valentine ​ដោយ​កាត់​យក​បេះ​ដូង​របស់គាត់​ នា​ថ្ងៃទី១៤ ខែ​កុម្ភៈ​ ឆ្នាំ២៧០ ដោយ​ចោទ​​ពីបទ ​គាំទ្រ​សាសនា​គ្រឹ​ស្ត​ប្រឆាំងនឹង​វប្ប​ធ​ម៌របស់​ប្រទេស។

ក្នុងអំឡុងពេល​ឃុំឃាំង លោក​​ Valentine ​​បាន​លួច​ស្រឡាញ់​កូនស្រី​អ្នក​យាមគុក​ម្នាក់ ដែល​តែងតែ​មក​សួរសុខទុក្ខ​លោក​ នៅក្នុង​មន្ទី​រឃុំឃាំង។ មុនពេល​កាត់ទោស​ប្រហារ​ជីវិត លោក​​ Valentine ​​​​បា​ន​សរសេរ​សំបុត្រ​មួយច្បាប់​ផ្ញើ​ទៅ​នារី​ដែល​គាត់​ស្រលាញ់។ ចុងបញ្ចប់​នៃ​សំបុត្រ​របស់គាត់​បានសរសេរថា From Your Valentine ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។

បន្ទាប់​ពីថ្ងៃ​ដែល​លោក​ Valentine ​​ត្រូវបាន​គេ​ប្រហា​ជីវិត ពិធីបុណ្យ Lupercalia​​ ក៏បាន​មកដល់។ ក្នុង​ពិធី​នោះ មនុស្ស​ដែល​មិន​ជឿ​សាសនា​គ្រឹ​ស្ត​មួយចំនួនធំ​បាន​ចូលរួម។ ដោយ​ចង់អោយ​ប្រជាជន​រ៉ូ​ម៉ាំង​ មាន​ជំនឿ​លើ​សាសនា​គ្រឹ​ស្តកាន់តែខ្លាំង​នោះ​ អភិបាល​របស់​វិហារ​សាសនា​គ្រឹ​ស្ត បានដាក់​បញ្ចូល​ឈ្មោះ​លោ​ក​ Valentines ​​​​ក្នុង​ដប​បណ្តែត​តាម​ទឹក ​ជាមួយនឹង​ឈ្មោះ​របស់​ស្រី​ក្រមុំ​ជាច្រើន​ទៀត។ ឈ្មោះ​លោក ​Valentines​​​​ ​ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅក្នុង​ពិធី​នោះ​ ចាប់តាំងពី​ពេលនោះ​មក ហើយ​អភិបាល​គ្រប់គ្រង​ពិធីបុណ្យ​នេះ ក៏​សម្រេចចិត្ត​ប្តូរ​ឈ្មោះ​បុណ្យ Lupercalia​​ ​ទៅជា​បុណ្យ Saint Valentine's Day ​ហើយ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី១៤ ដើម្បី​ធ្វើការ​រំលឹក​ដល់​លោក ​Valentine​​​​ ​ដែល​បានរៀបចំ​អា​ពា​ហ៍ពិ​ពា​ហ៍​ដល់​គូ​ស្នេ​ហ៏៍ដែល​ស្រលាញ់គ្នា។ ជាមួយ​គេ​នេះ​ផងដែរ ការប្តូរឈ្មោះ​បុណ្យ​នេះ​ក៏​ជាការ​បង្ហាញថា ការជ្រើសរើស​ស្រី​ក្រមុំ​ឲ្យ​កំលោះ​ជនជាតិ​រ៉ូ​ម៉ាំង​ ធ្វើឡើង​ដោយ​លោក ​Valentine​​​​ ដែលជា​ព្រះ​នៃ​សេចក្តីស្រលាញ់។ ចាប់ពី​ថ្ងៃ​នោះមក ១៤ កុម្ភៈ ​ត្រូវបាន​គេ​ប្រារព្ធឡើងជា​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​​មិត្ត​យុវវ័យ​មួយចំនួន ​ហៅថា ថ្ងៃ​បុ​ណ្យ​​សង្សារ។

យ៉ាងណាក៏ដោយ សូមឲ្យប្រជាជនកម្ពុជា ពិសេសយុវវ័យ ប្រើប្រាស់ពេលវេលា ថ្ងៃទី១៤ កុម្ភៈ ជាពេលដ៏សប្បាយរីករាយជាមួយអ្នកដែលខ្លួនស្រឡាញ់ មិនមែនយកថ្ងៃនេះ ជាពេលដើម្បីឡើងផ្ទះសំណាក់ សណ្ឋាគារ លះបង់ខ្លួនប្រាណដើម្បីបង្ហាញពីសេចក្តីស្រឡាញ់នោះទេ៕