(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីទាំងអស់ ត្រូវខិតខំធ្វើការងារដោយយកចិត្តទុកដាក់ ពង្រឹងសេចក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌ទំាងអស់ ត្រូវធ្វើការពិនិត្យនៅអាកប្បកិរិយារបស់ខ្លួន គោរពប្រតិបត្តិតួនាទី ភារកិច្ច និងប្រើសិទ្ធិអំណាចរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ សតិសម្បជញ្ញៈ និងឧត្តមគតិជាតិ ក្នុងការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងការអនុវត្តច្បាប់ទាំងឡាយ ប្រកាន់នូវគុណធម៌ជានិច្ច។

ក្នុងនោះមន្ត្រីនគរបាលយុត្តិធម៌ទំាងអស់ ត្រូវប្តេជ្ញាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឲ្យរលូនក្នុងអំឡុងពេលបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតរដ្ឋសភា ដើម្បីធានាការបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តិទៅដោយត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព អាចទទួលយកបាន។

លោក សុខ លូ បានជំរុញឲ្យប្រធានមន្ទីរអង្គភាព ត្រូវត្រួតពិនិត្យម៉ូតូរបស់មន្រ្តី តើមានកញ្ចក់ និងមួកសុវត្ថិភាព ហើយឬនៅ? រួមគ្នាគោរពច្បាប់ចរាចរណ៍ ដោយផ្តើមចេញពីខ្លួនឯងជាមុន ចំពោះមន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវ ត្រូវរឹតបណ្តឹងនូវការបាញ់ល្បឿនរថយន្តបន្ថែមទៀត ដោយមានភាពច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ រឹតបណ្តឹងពង្រឹងកន្លែងស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តឲ្យបានត្រឹមត្រូវ កុំកន្ទេលធំបន្លំដេក ដោយពិនិត្យទៅលើរថយន្តធុនធ្ងន់ដឹកលើសទម្ងន់ និងការប្រើប្រាស់គ្រឿងញៀន។

ករណីនេះ លោកអភិបាលខេត្តក៏បានបញ្ជាឲ្យសមត្ថកិច្ច ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ គឺចង់ឲ្យគាត់ដឹងខ្លួន និងមានការភ្ញាក់រលឹក ម្យ៉ាងវិញទៀតប្រសិនបើមានរថយន្ត កែច្នៃខុសលក្ខណៈច្ចេកទេសទៀត ត្រូវធ្វើការកាត់ទ្រុងនៅនឹងកន្លែងតែម្តង។

លោកបន្តទៀតថា កន្លងមកនៅក្នុងខេត្តកំពង់ធំ មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះអនុវត្តច្បាប់តាមដងផ្លូវ កាត់ទ្រុងរថយន្តកែច្នៃលក្ខណៈខុសបច្ចេកទេសជាបន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់អស់ទាំងស្រុងនោះទេ ហើយក៏មានក្រុមហ៊ុនដឹកជញ្ជូនខ្លះ បើកបរនៅលើដងផ្លូវមិនមានឯកសារគ្រប់គ្រាន់រួមទាំង រថយន្ត និងអ្នកបើកបរនៅពេលសមត្ថកិច្ចហៅត្រួតពិនិត្យឃើញ។ ចំពោះការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិ ត្រូវលុបបំបាត់ចោលទំាងស្រុង លើកលែងតែប៉ុស្តិ៍ដែលជាកន្លែងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងញៀន ជាតិផ្ទុះតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម បានព្រមានចាត់វិធានការធ្ងន់ៗ នឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។

បើតាមរបាយការណ៍ ចាប់ពីម៉ោង០០:០០ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ម៉ោង៦៖០០ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រុមការងារ បានឃាត់រថយន្តដើម្បីពិនិត្យលក្ខណ:បច្ចេកទេស និងវាស់វែងបានចំនួន៨០១គ្រឿង រកឃើញខុសលក្ខណៈបច្ចេកទេស៣៣គ្រឿង រថយន្តផ្ទុកទំនិញសំពីងសំពោង២៥គ្រឿង គ្មានបណ្ណបើកបរ៤គ្រឿង រថយន្តគ្មានស្លាកលេខ០៤គ្រឿង និងរកឃើញមានអ្នកផ្ទុកសារធាតុញៀន៨នាក់។

លោក សុខ លូ ថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨៕