(ព្រះវិហារ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តព្រះវិហារ រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រដ្ឋបាលក្រុងព្រះវិហារ បានរៀបចំការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដោយមានការចូលរួមពី លោក អ៊ុង វុឌ្ឍី អភិបាលរងខេត្ត និងលោក សំ សារឿន ប្រធានមន្ទីរដែនដី។
លោក សំ សារឿន ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានលើកឡើងថា ដើម្បីមានភាពច្បាស់លាស់ ក្នុងការចេញប្លង់កម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ និងបញ្ជៀសនៅទំនាស់ដីធ្លីនៅថ្ងៃក្រោយ ថ្ងៃនេះមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយដីខេត្ត បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ប្រជាពលរដ្ឋនៅភូមិគោកបេង ភូមិថ្មី ភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
លោក សំ សារឿន បានគូសបញ្ជាក់ទៀតថា រយៈពេលនៃការបិទផ្សាយ គឺមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដែលរយៈពេលនេះមានសារៈសំខាន់បំផុត ដល់គ្រប់ស្ថាបន័រដ្ឋ និងឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីដីធ្លីក្នុងតំបន់វិនិច្ឆ័យនេះ និងចូលរួមធ្វើការពិនិត្យ និងមានសិទ្ធិតវ៉ារាល់ព័ត៌មានក្បាលដីទាំងឡាយណា ដែលមិនត្រឹមត្រូវ ខុសឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទដី ប្រភេទទ្រព្យជាដើម។
ជាមួយគ្នានោះ លោក អ៊ុង វុឌ្ឍី បានថ្លែងនូវការកោតសរសើរដល់មន្ទីររៀបចំដែនដីខេត្ត និងមន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំអនុវត្តភារកិច្ច ប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ផ្តល់សេវាសាធារណៈ ទាំងសេវាសំណូមពរ និងសេវាតម្រូវការដោយអនុវត្តបានត្រឹមត្រូវ ស្របតាមគោលការណ៍នៃច្រកចេញ ចូលតែមួយ។
លោកបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធសេរីភាព មានសិទ្ធជាម្ចាស់លើការគ្រប់គ្រងទ្រព្យសម្បត្តិផ្សេងៗ រួមទាំងការគ្រប់គ្រងដីធ្លីជាដើម ហើយការចុះបញ្ជីដីធ្លី និងឈានដល់ការចេញប្លង់កម្មសិទ្ធិជូន គឺជាការបញ្ចប់ទំនាស់ដីធ្លីផងដែរ៕