(ព្រះវិហារ)៖ អាជ្ញាធរក៏ដូចសមត្ថកិច្ច នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននិងកំពុងតែមមាញឹក ក្នុងការស្រាវជ្រាវវែកមុខ ជនសង្ស័យដែលបានដុតបំផ្លាញទ្រព្យសម្បត្តិមួយចំនួន នៅក្នុងបរិវេណវិទ្យាលយ័ជាំក្សាន្ត ស្ថិតក្នុងភូមិគោក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា សម្ភារនៅក្នុងវិទ្យាល័យជាំក្សាន្ត ដែលបានឆេះរងការខូចខាតរួមមាន៖ ទូឈើដាក់សៀវភៅចំនួន២, ទូដែក២, ធ្នើដែក២, តុឈើ១, កៅអីជ័រ២០, ក្តាខៀន៤ សម្ភារពិសោធន៍ គិតទាំងឆ្នាំចាស់ និងឆ្នាំថ្មីគិតជាទឹកប្រាក់ចំនួន១៥០០ដុល្លា, សម្ភារការិយាល័យទាំងអស់គិតជាទឹកប្រាក់១៧៥០០០០រៀល, សម្ភារកសិកម្មមួយចំនួន, សៀវភៅសិក្សាគោលចាស់ថ្មី៥២០ក្បាល ឯកសាររដ្ឋបាលទាំងអស់, បង្អួចឈើ៤, ដំបូលក្បឿងមួយបន្ទប់ ខូចខាតទាំងស្រុង ព្រមទាំងកញ្ចុះឈើប្រក់ស្បូវមួយខ្នងផងដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីឆេះសម្ភារក្នុងវិទ្យាល័យជាំក្សាន្តនេះ គឺបណ្តាលមកពីមានជនខិលខូចលួចដុត ដោយបន្សល់ទុកវត្ថុតាងចបជីក សម្រាប់ធ្វើសកម្មគាស់សោបន្ទប់៕