(ពោធិ៍សាត់)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម សរុបចំនួន១៤១គ្រាប់ ត្រូវបានអង្គការ Halo Trust យកទៅកម្ទេចចោល ៨៩គ្រាប់ និង៥២គ្រាប់ទៀត រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង រងចាំកម្ទេចនៅពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចរកឃើញ ហើយបានរាយការណ៍ទៅឲ្យក្រុមជំនាញរុករកបន្ថែម ដើម្បីរំដោះចេញពីក្នុងដី។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យក្ងាន ស្ថិតនៅភូមិឈើទាល ឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងបរិវេណសាលាអនុវិទ្យាល័យក្ងាន សមត្ថកិច្ចនគរបាលស្រុកកណ្តៀង បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកប់ក្នុងដីហើយបានរាយការណ៍ជូនក្រុមជំនាញ អង្គការ Halo Trust រៀវរកបន្ថែមក៏ប្រទះឃើញគ្រាប់៦០mm សរុបចំនួន១៤១គ្រាប់ និងបានយកទៅកម្ទេចចោល នៅថ្ងៃទី១១ ខែកុម្ភៈ ខាងលិចសាលាចម្ងាយ៧០០m ចំនួន៨៩គ្រាប់ សល់៥២គ្រាប់ទៀត រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំកម្ទេចចោលនៅពេលក្រោយ។
សេចក្តីរាយការណ៍បន្តថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង១៤១គ្រាប់នោះ ជាគ្រាប់បាញ់ប្រភេទ ៦០mm ដែលនៅសេសសល់ពីសម័យសង្គ្រាមទាំងអស់។
ជាមួយគ្នានោះ តំណាងអង្គការ Halo Trust បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ Halo Trust ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ៕