(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃច័ន្ទ១២រោជ ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិគោកសំរោងលិច និងគោកសំរោងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យចំនួន៦៥០គ្រួសារ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា «មានសុខសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ តែបើគ្មានសុខសន្តិភាព ទេកុំនិយាយពីការរីកចម្រើនអភិវឌ្ឍឲ្យសោះ ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំនាំនាវាកម្ពុជាឆ្ពោះទៅមុខ ជាមួយនឹងការនាំមកនូវសមិទ្ធផលជាតិធំៗ ដែលយើងទាំងអស់គ្នាបានឃើញ។ ជាពិសេសថ្មីៗនេះ បានទប់ស្កាត់បានទាន់ពេលវេលា នូវចលនាបដិវត្តពណ៌ ដែលបង្កដោយអតីតបក្សប្រឆាំង មានការគាំទ្រពីបរទេស ព្រមទាំងរក្សាបាននូវភាពសុខសាន្ត និងបន្តភាពរីកចម្រើនជូនប្រជាពលរដ្ឋជាបន្តទៀត»។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថា «មានតែខ្មែរទេដែលស្រឡាញ់ខ្មែរ រួមសុខរួមទុក្ខជាមួយខ្មែរ ដូចនេះសូមបងប្អូនទាំងអស់បន្តរួបរួមសាមគ្គីគ្នា ឯកភាពគ្នារួមជាមួយ រាជរដ្ឋាភិបាល និងគណបក្សប្រជាជន បន្តដំណើរអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ដើម្បីអនាគតកូនចៅយើងជាបន្តទៀត»។
ជាទ្រនាប់ដៃចែករំលែក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនៅអំណោយ និងថវិកាឧបត្ថម្ភចែកជូនដល់អ្នកចូលរួមមាន៖
ទី១៖ ភូមិគោកសំរោងលិចថវិកា៥០ម៉ឺនរៀល
ទី២៖ ភូមិគោកសំរោងកើត ថវិកា៥០ម៉ឺនរៀល
ទី៣៖ សាលាបឋមសិក្សាភូមិគោកសំរោងថវិកា៥០ម៉ឺនរៀល
ទី៤៖ ក្រុមការងារយុវជន៥០ម៉ឺនរៀល
ទី៥៖ សហភាពសហព័ន្ធយុវជនកម្ពុជា៥០ម៉ឺនរៀល
ទី៦៖ នគរបាល៥០ម៉ឺនរៀល
ទី៧៖ អាវុធហត្ថ៥០ម៉ឺនរៀល
ទី៨៖ ប្រជាការពារ១៧នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល
ទី៩៖ ប្រជាពលរដ្ន៦៥០គ្រួសារ ក្នុង១គ្រួសារទទួលបាន មី១កេស ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប នំ១កញ្ចប់ និងសារុង១
ទី១០៖ គ្រូពេទ្យចំនួន០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺន និងសារុង១
ទី១១៖ យោធាស្រុក ថវិកា៥០ម៉ឺនរៀល
ទី១២៖ នគរបាលការពារបេតិកភ័ណ្ឌថវិកា៥០ម៉ឺនរៀល
ទី១៣៖ ក្រុមកម្មករសំណង់២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងសារុង១៕