(តាកែវ)៖ នៅក្នុងការចុះត្រួតពិនិត្យទំនិញដាក់តាំងលក់ នៅតាមផ្សារមួយចំនួន នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម មន្រ្តីកាំកុងត្រូលខេត្តតាកែវ បានត្រួតពិនិត្យ រកឃើញទឹកបរិសុទ្ធ ម៉ាក EVA ចំនួន៦០កេស ស្មើនឹង១,៤៤០ដប ដែលហួសកាលបរិច្ឆេទប្រើប្រាស់ នៅដេប៉ូតាំងណាំថាំង ដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា បន្ទាប់ពីត្រួតពិនិត្យ រកឃើញទឹកបរិសុទ្ធហួសកាលបរិច្ឆេទប្រើប្រាស់ មន្រ្តីរបស់លោកបានធ្វើការរឹបអូស យកទៅបំផ្លាញ់ចោល ហើយក៏បានធ្វើការណែនាំដល់ម្ចាស់ដេប៉ូ ឈប់លក់ទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ឬឧស្សាហ៍ត្រួតពិនិត្យមុខទំនិញរបស់ខ្លួន ឲ្យបានញឹកញាប ដើម្បីងាយស្រួលធ្វើការផ្លាស់ប្ដូរ ទៅក្រុមហ៊ុនដើមវិញ។
ប្រធានកាំកុងត្រូលរូបនេះ បានបន្តថា ប្រសិនបើលើកក្រោយខាងមន្រ្តីជំនាញ ចុះមកត្រួតពិនិត្យរកឃើញ នូវទំនិញដែលហួសកាលបរិច្ឆេទ នៅក្នុងដេប៉ូរបស់ខ្លួនបន្តទៀត មន្រ្តីជំនាញនឹងចាត់ការបន្តទៅតាមនីតិវិធី។
នៅក្នុងឱកាសនោះដែរ លោក ប៉ោ លាងគង់ ក៏បានអំពាវនាវដល់អាជីវករលក់មុខទំនិញគ្រប់ប្រភេទ នៅគ្រប់ផ្សារទាំងអស់ សូមធ្វើការលក់មុខទំនិញ ណាដែលប្រកបដោយសុវត្ថិភាព និងត្រូវកំណត់ឲ្យច្បាស់ថា មុខទំនិញរបស់ខ្លួន មិនទាន់ហួសកាលបរិច្ឆេទប្រើប្រាស់។
សូមបញ្ជាក់ផងដែរថា នៅក្នុងការចុះត្រួតពិនិត្យមន្រ្តីជំនាញសាខាកាំកុងត្រូលខេត្ត បានចុះត្រួតពិនិត្យគ្រប់មុខទំនិញ នៅផ្សារអង្គតាសោម ដោយបានធ្វើតេស្តបឋម ទៅលើសសៃគុយទាវបាញ់កាញ មឹក សណ្ដែកប្រដុះ ជ្រក់គ្រប់ប្រភេទ ឈាម ដោយក្នុងនោះបានរកសាធារតុគីមីសូដ្យូមអ៊ីឌ្រូសូហ្វីត នៅក្នុងស្ករត្នោតដែលអាជីវករដាក់លក់ នោះលើទីផ្សារ៕