(ភ្នំពេញ)៖ នាយកសាខាសាលាអន្តរជាតិវេសស្ទឺនម្នាក់ មានជម្ងឺមហារីកពោះវៀនធំច្រើនខែមកហើយ និងព្យាបាលមិនជា ស្រាប់តែដាច់ចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន លុះពេលប្រពន្ធត្រឡប់មកពីយកនៅសាលារៀន ទើបប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើឈ្មោះ លីម ប៊ុនលាង អាយុ៣៨ឆ្នាំ ជានាយកសាខាសាលាវេសស្ទឺន សាខានៅខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធនិងកូនស្រីម្នាក់ នៅក្នុងបន្ទុកគ្រួសារ និងមានទីលំនៅផ្ទះកើតហេតុខាងលើ។ មុនពេលធ្វើអត្តឃាត បុរសរងគ្រោះបានបន្សក់ទុកនូវលិខិតបណ្ដាំចំនួន៤ច្បាប់ ដែលបានផ្ដាំទៅប្រពន្ធ កូន និងឪពុកម្ដាយផងដែរ។

ស្រ្តីជាប្រពន្ធបានរៀបរាប់ប្រាប់នគរបាលថា ប្ដីនាងមានជម្ងឺមហារីកពោះវៀនធំច្រើនខែកន្លងមកហើយ រហូតឈានដល់ការវះកាត់ ដាក់ទុយោចេញក្រៅថែមទៀតផង។ ប៉ុន្តែទោះជាខំប្រឹងព្យាបាល យ៉ាងណាក៏មិនជាដែរ។

ស្រ្តីជាភរិយាបានបន្តថា ក្រោយពេលដែលនាងដឹកកូនមកដល់ផ្ទះ ហើយកូនបើកទ្វារចូលទៅក្នុងផ្ទះ ទើបប្រទះឃើញ និងស្រែកបង្កការភ្ញាក់ផ្អើលតែម្តង។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះបានយកខ្សែកាប្លិ៍ទូរទស្សន៍ចងក ជាប់ជាមួយប្រហោងឥដ្ឋខ្យល់ ហើយបន្ទាប់ពីបានឃើញបែបនេះ ប្រពន្ធបានយកកាំបិតកាត់ខ្សែទម្លាក់ចុះ ក្នុងបំណងយកទៅសង្គ្រោះ ប៉ុន្តែប្ដីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូននគរបាលចុះទៅពិនិត្យ រួចប្រគល់សពជូនគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី និងបានបញ្ជាក់ថា ពិតជាធ្វើអត្តឃាតមែន៕