(ឡុងដ៍)៖ អាកាសយានដ្ឋានទីក្រុងឡុងដ៍ ត្រូវបានប្រកាសឲ្យបិទទ្វារជាបន្ទាន់ នៅថ្ងៃចន្ទនេះ បន្ទាប់ពីក្រុមជំនាញបានរកឃើញគ្រាប់បែក ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមលោកលើកទី ២ នៅក្បែរផ្លូវបើកបររបស់យន្តហោះត្រង់ច្រក George V Dock។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស Metro នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ប៉ូលិសជំនាញបានអះអាងថា គ្រាប់ខាងលើត្រូវបានរកឃើញតាំងពីម៉ោង ១០៖០០នាទី យប់ថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងឡុងដ៍) ហើយទើបក្រោយបញ្ជាក់ច្បាស់លាស់ បាននាំឲ្យផ្នែកគ្រប់គ្រងព្រលានយន្តហោះ សម្រេចបិទទ្វារជាបណ្តោះអាសន្ននៅព្រឹកថ្ងៃចន្ទ តែម្តង ដែលវាមានន័យថា ជើងហោះហើរជាច្រើនត្រូវផ្អាកជាបណ្តោះអាសន្នសិន។
គួរបញ្ជាក់ថា ព័ត៌មានបន្ថែមអំពីគ្រាប់បែក នៅមិនទាន់មានការបញ្ជាក់ឡើយ ប៉ុន្តែប៉ូលិសបានបង្កើតតំបន់គ្រោះថ្នាក់នៅជុំវិញគ្រាប់បែក ក្នុងចម្ងាយប្រមាណ ២១៤ម៉ែត្រ ដែលតម្រូវឲ្យផ្នែកអាកាសយានដ្ឋាន ធ្វើការជម្លៀសចេញនូវមនុស្ស និងទ្រព្យសម្បត្តិនានាជាបន្ទាន់ ដើម្បីបង្ការការខូចខាតជាយថាហេតុ។ សម្រាប់ពេលនេះ ក្រុមជំនាញកំពុងសហការជាមួយកងទ័ពជើងទឹកអង់គ្លេស ដើម្បីដោះគ្រាប់បែកនោះចេញ៕