(ព្រៃវែង)៖ នៅក្នុងឱកាសបុណ្យប្រពៃណីចិន-វៀតណាម ជិតចូលមកនាឆាប់ៗនេះ និងដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើ តាមរយៈផលិតផលចំណីអាហារ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តព្រៃវែងដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារក្រុងព្រៃវែង ស្ថិតក្នុង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
លោក អ៊ុត សុភាព បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារក្រុងព្រៃវែងនេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនរកសារធាតុបូរ៉ាក់ ដូចជា៖ មីលឿង សរសៃគុយទាវ បាញ់កាញ់ នំបញ្ចុក និងរកសារធាតុ Formalin ទៅ មឹក បង្គារស្រស់ និងបានសារធាតុអាស៊ីត ទៅលើ ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជ្រក់ម្ទេស តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងបិទផ្សព្វផ្សាយ ចំនួន៨០សន្លឹក ដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាល មកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
បើតាមលោក អ៊ុត សុភាព បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារខាងលើ របស់សាខាកាំកុងត្រូលខេត្តព្រៃវែង គឺជាសកម្មភាពប្រចាំខែ ប្រចំាឆ្នាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ច្បាស់លាស់។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕