(ស្ទឹងត្រែង)៖ ផ្សារចំនួន២កន្លែង នៅខេត្តស្ទឹងត្រែង ត្រូវបានមន្ត្រីសាខាកាំកុងត្រូល សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត ចុះអប់រំណែនាំពីផលប៉ះពាល់ នៃការប្រើប្រាស់ទំនិញ ខូចគុណភាព ទំនិញមានសារធាតុគីមី ជូនអាជីវករលក់ដូរព្រមទាំងរកឃើញទឹកក្រូចហួសសពលភាពជិតដប់ដប និងគ្រឿងកំប៉ុងខូចគុណភាពមួយចំនួនទៀត ហើយបានដកហូត។
ការចុះពិនិត្យអប់រំណែនាំ និងដកហូតទំនិញខូចគុណភាពខាងលើ បានធ្វើឡើងនៅព្រឹកថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានទីតាំងចំនួន២ គឺទី១៖ ស្ថិតនៅផ្សារគីឡូម៉ែត្រលេខ២ និងទី២៖ ទីផ្សារក្រុងសាមគ្គី ខេត្តស្ទឹងត្រែង។
ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង លោក គឹម ប្រុស បានឲ្យដឹងថា ការចុះពិនិត្យទំនិញហួសសពលភាព ឬខូចគុណភាពព្រមទាំងណែនាំ ដល់អាជីករលក់ដូរ គឺបានធ្វើជាបន្តបន្ទាប់ ដើម្បីរក្សានូវសុខមាលភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានទិញយកទៅប្រើប្រាស់ ឬលក់បន្តជៀសវាងធ្វើខូចសុខភាព។
លោកថា គ្រប់ខេត្តក្រុងទាំងអស់រមែង ចុះពិនិត្យជាប្រចាំ មិនថាគៀកបុណ្យទាននោះទេ ក៏ប៉ុន្តែឆ្លៀតឱកាសនេះដែរ ស្របពេលរដូវចូលឆ្នាំចិនមកដល់ផង សមត្ថកិច្ចជំនាញបានខិតខំ ស្វះស្វែងត្រួតពិនិត្យរកទំនិញខូចគុណភាព ឬទំនិញមានលាយចូលសារធាតុគីមី ជាពិសេសទំនិញដែលដាក់តាំងលក់យូរ អាចនិងហួសកាលបរិច្ឆេទកំណត់ ចឹងស្របពេលនិងយើង ទាំងអស់គ្នា បានចុះណែនាំដល់អាជីករ ក៏ដូចជាប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា។
លោក គឹម ប្រុស បន្ថែមថា មុននិងប្អូនអាជីវករលក់ដូរ និងអ្នកទិញយកទៅប្រើប្រាស់ មេត្តាជួយពិនិត្យមុននិងសម្រេចចិត្តជ្រើសរើស យករបស់របរណាមួយទៅប្រើប្រាស់ឬបរិភោគ យើងត្រូវមើលសំបកវេចខ្ចប់ជាចំបង បើទំនិញត្រូវមើលថ្ងៃខែកាលបរិច្ឆេទកំណត់ដែលមានបិទនៅលើទំនិញនោះតែម្តង។
ក្រោយការណ៍ ចុះអប់រំណែនាំ និងត្រួតពិនិត្យទំនិញខូចគុណភាព នៅចំនុចផ្សារគីឡូម៉ែត្រលេខ២ រាជានុកូល និងផ្សារសាមគ្គីក្រុងស្ទឹងត្រែង ក្រុមមន្ត្រីជំនាញបានរកឃើញ ទឹកក្រូចហួសសពលភាព ជិតដប់ដប និងគ្រឿងកំពុងខូចគុណភាពមួយចំនួនបន្ថែមទៀត៕