(ភ្នំពេញ)៖ រថយន្ដធំៗ ចំនួន៤៥គ្រឿងត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ចេញបទបញ្ជា និងដឹកនាំកម្លាំងដោយផ្ទាល់មាននគរបាល អាវុធហត្ថ និងអាជ្ញាធរសង្កាត់ពាក់ព័ន្ធ បាននិងកំពុង ចាត់វិធានការ ជាបណ្ដើរៗទៅតាមផ្លូវច្បាប់ ជាពិសេសតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបទល្មើសមួយនេះ។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រៅពីការរកឃើញរថយន្តដឹកលើសទម្ងន់ និងតទ្រុងខុសបច្ចេកទេសទាំងនេះ អាជ្ញាធរក៏រកឃើញមានរថយន្តបិទឈៀកក្លែងក្លាយ និងផុតកំណត់ទៀតផង។ ក្រៅពីនេះអាជ្ញាធរក៏រកឃើញរថយន្តខ្លះ គ្មានឯកសារគ្រប់គ្រាន់ រួមនិងរថយន្តដឹកសម្ភារសំពីងសំពោង។ សម្រាប់រថយន្តល្មើសទាំងនេះ ត្រូវបានអាជ្ញាធរកាត់ចោលនៅនិងកន្លែងតែ ដោយខុសលក្ខណៈបច្ចេកទេស។
លោក ជា ពិសី បានថ្លែងបញ្ជាក់ថា «បន្ទាប់ពីទទួលបានផែនការពីអភិបាលរាជធានីភ្នំពេញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង០០យប់ថ្ងៃទី១០ ខែកុម្ភៈ តទៅស្តីអំពីការទប់ស្កាត់ និងចាប់រថយន្តតទ្រុង ដឹកលើសទម្ងន់កំណត់ខុសលក្ខណៈបច្ចេកទេស ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មាននគរបាល អាវុធហត្ថ និងអាជ្ញាធរសង្កាត់ពាក់ព័ន្ធ ជាច្រើននាក់ បានដាក់ពង្រាយចំនួន២គោលដៅទាំងយប់ទាំងថ្ងៃ នៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និងគោលដៅទី២ នៅចំណុចហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក នាភូមិសាស្ត្រខណ្ឌឫស្សីកែវ។ ជាលទ្ធផលពោលរយៈពេល៣ថ្ងៃជាប់គ្នានេះ យើងបានឃាត់រថយន្ដចំនួន៤៥គ្រឿង ក្នុងនោះមានឯកសារច្បាសលាស់ ៣៦គ្រឿង ដោយយើងបានណែនាំម្ចាស់ដែលផុតកំណត់ឈៀក និងគ្មានឯកសារគ្រប់គ្រាន់ ព្រមទាំងដឹកសម្ភារសំពីងសំពោង៦គ្រឿង-កាត់ធ្នឹមចេញនៅនិងកន្លែង១គ្រឿង, គ្មានឯកសារ និងឈៀកក្លែងក្លាយ២គ្រឿង ខុសលក្ខណៈបច្ចេកទេស៣គ្រឿងផងដែរ»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថាចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើ ឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែង ផងដែរបើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុងហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។
កាលពីថ្ងៃអាទិត្យទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកជាថ្មីម្តងទៀតនៅលើទំព័រ Facebook ថា អភិបាលរាជធានី-ខេត្ត ចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ ដែលមិនព្រមចាត់វិធានការចំពោះរថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសទេនោះ នឹងត្រូវប្រឈមជាមួយការដកហូត តំណែងជាក់ជាមិនខាន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង»។
សម្តេចនាយករដ្ឋមន្ត្រីបានគូសរំលេចថា រថយន្តធំៗវែងៗទាំងនោះភាគច្រើនបើកលឿននៅលើដងផ្លូវ ដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់ឥវ៉ាន់ចតធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។
សម្តេចតេជោ ក៏បានស្នើជនរួមជាតិចូលផ្ញើសារ (Comment) ក្នុង Facebook របស់សម្តេចពេលឃើញភាពអសកម្មចំពោះចំណាត់ការលើរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនេះផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា «ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍»៕