(ភ្នំពេញ)៖ អគ្គិភ័យឆេះគំនក្រដាសកាតុង ក្នុងរោងចក្រមួយកន្លែងនៅភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ តែសំណាងល្អ មានការអន្ដរាគមន៍ពីម្ចាស់ទីតាំង និងសមត្ថកិច្ចមូលដ្ឋានទាន់ពេលវេលា ដោយមិនបណ្ដាលឲ្យរីករាលដាលខ្លាំងនោះទេ គ្រាន់តែមានផ្សេងខ្មៅខ្មួលខ្មាញ់តែប៉ុណ្ណោះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា អគ្គិភ័យនេះកើតឡើងនៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
បើតាមសេចក្ដីរាយការណ៍ មូលហេតុដែលនាំមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ហើយក៏ឆ្លងទៅគំនរក្រដាសកាតុង ដែលបានគទុកក្នុងបរិវេណរោងចក្រ ភ្លាមៗនោះម្ចាស់ទីតាំង និងសមត្ថកិច្ចមូលដ្ឋាន បានចេញអន្ដរាគមន៍ដោយយកបំពុងពន្លត់អគ្គិភ័យ និងជះទឹកដើម្បីសង្គ្រោះ ទើបភ្លើងរលត់ទៅវិញ ដោយបន្សល់ទុកតែផ្សេងខ្មួលខ្មាញ់តែប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់ករណីនេះក៏មានរថយន្ដពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះមកពីការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៧គ្រឿង និងអង្គភាព៧១១ កងពលតូចលេខ៧០ចំនួន៧គ្រឿង បានទៅដល់ទីតាំងកើតហេតុផងដែរ ដើម្បីបាញ់ពន្លត់កម្ទេចភ្លើងដែលនៅសល់ ព្រោះខ្លាចក្រែងរីករាលដាលឡើងវិញជាយថាហេតុ៕