(ព្រៃវែង)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រសួងផែនការ បានប្រកាសតែងតាំងប្រធានមន្ទីរផែនការខេត្តព្រៃវែងថ្មី គឺលោក សឹង សារ៉ាត ជាអនុប្រធានឲ្យកាន់តំណែងជំនួសលោក សំរិត មករា ប្រធានមន្ទីរចាស់ដែលចូលនិវត្តន៍ និងត្រូវតម្លើងជាទីប្រឹក្សាក្រសួងផែនការ ឋានៈស្មើអនុរដ្ឋលេខាធិការវិញ។
ពិធីប្រកាសតែងតាំងប្រធានមន្ទីរ នៃមន្ទីរផែនការខេត្តព្រៃវែងថ្មីនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមានការអញ្ជើញចូលរួមពី អភិបាលខេត្ត ព្រៃវែង លោក ជា សុមេធី និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ទេសរដ្ឋមន្ដ្រី ឆាយ ថន បានថ្លែងថា «ថ្ងៃនេះ ក្រសួងផែនការមានកិត្ដិយស បានមកធ្វើពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំមន្ទីរ នៃមន្ទីរផែនការខេត្តព្រៃវែង។ ដើម្បីរៀបចំ និងបំពេញបាននូវរចនាសម្ព័ន្ធ ដឹកនាំគ្រប់គ្រងក្នុងការ ពង្រឹង តួនាទីឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ដោយឡែក ការងារគ្រប់គ្រងលើវិស័យផែនការ-ស្ថិតិរបស់មន្ទីរផែនការ ខេត្តព្រៃវែង យើងនេះ»។
រដ្ឋមន្ដ្រីក្រសួងផែនការ បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលបានរៀបចំយុទ្ធសាស្ដ្រជាតិកាត់បន្ថយភាពក្រីក្រ គោលដៅអភិវឌ្ឍន៍សហស្សវត្សន៍ គោលនយោបាយជាតិសម្រាប់ប្រជាជន និងគោលនយោបាយ ព្រមទាំងយុទ្ធសាស្ដ្រដ៏ទៃទៀត ជាច្រើនដែលបំពេញគ្នាទៅវិញទៅមក។
លោកទេសរដ្ឋមន្ដ្រី ក៏ផ្ដាំផ្ញើចំពោះលោកប្រធានមន្ទីរ ដែលត្រូវបានក្រសួង ប្រកាសតែងតាំងនៅពេលនេះ ក៏ដូចជាប្រធាន អនុប្រធានការិយាល័យ និងមន្ដ្រីរាជការទាំងអស់ នៅក្នុងមន្ទីរ ត្រូវបន្ដខិតខំបំពេញការងារ ឲ្យបានល្អប្រសើរមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងក៏ដូចជាបណ្ដាអង្គភាព ដែលស្ថិតនៅក្រោមឱវាទរបស់ខេត្តព្រៃវែង ទាំងមូលឲ្យបានទូលំទូលាយ និងទទួលបានដោយជោគជ័យរាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ ឲ្យជាពិសេសលើវិស័យការងារផែនការក៏ដូចជាវិស័យស្ថិតិ៕