អគ្គស្នងការនគរបាលជាតិ ចុះ MoU ជាមួយក្រុមហ៊ុនឯកជន ដើម្បីនាំឧបករណ៍ទំនើបៗផ្នែកបង្ការគ្រោះអគ្គិភ័យ និងបណ្ដុះបណ្ដាលជំនាញដល់មន្ដ្រីនគរបាលពន្លត់អគ្គិភ័យកម្ពុជា
12-02-2018 11:47
(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ រៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យា ជាមួយក្រុមហ៊ុន យូចរ៉ក់ (ខេមបូឌា) អ៊ិនធើប្រាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សួស អង្គារ អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី Ou Haiyan ប្រធានក្រុមហ៊ុន យូចរ៉ក់។
លោកស្រី Ou Haiyan ប្រធានក្រុមហ៊ុន យូចរ៉ក់ (ខេមបូឌា) អ៊ិនធើប្រាយ បានថ្លែងថា ដើម្បីឆ្លើយតបនូវគ្រោះមហន្តរាយដែលកើតមានឡើង ក្រុមហ៊ុននឹងខិតខំនាំយកឧបករណ៍ទំនើបៗ សម្រាប់បំពាក់តាមអគារខ្ពស់ៗ ស្ថាប័ននានា បើកសាលាបណ្តុះបណ្តាលជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសហការជាមួយក្រុមហ៊ុនដែលមានបទពិសោធន៍ ក្នុងការរៀបចំប្រព័ន្ធការពារ និងពន្លត់អគ្គិភ័យ បំណងជួយលើកកំពស់ប្រសិទ្ធភាពការងារបង្ការ ពន្លត់អគ្គិភ័យ ឲ្យមានប្រសិទ្ធភាពខ្ពស់នៅកម្ពុជា។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាន បង្ការ ពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការចុះហត្ថលេខានេះ គឺផ្តោតសំខាន់លើការបំពាក់ឧបករណ៍បង្ការ ពន្លត់អគ្គិភ័យ នៅតាមអង្គភាព ស្ថាប័ន ពិសេសអគារខ្ពស់ៗ ដោយខាងក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ ចំណែកខាងអគ្គស្នងការនគរបាល មានភារកិច្ចត្រួតពិនិត្យការបំពាក់ប្រព័ន្ធបង្ការ និងពន្កត់អគ្គិភ័យ នៅតាមគោលដៅសំណង់ដែលបានបំពាក់រួច។
ឆ្លៀតក្នុងឱកាសនោះ លោក នេត វន្ថា បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅដើរចូលឆ្នាំចិន វៀតណាមខាងមុខនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងទៀន ធូក ពិសេសការតចរន្តភ្លើងអគ្គសនី ត្រូវមានជំនាញច្បាស់ កុំចេះតែធ្វើតាមការនឹកឃើញ គ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ខ្សែភ្លើងចាស់ៗនោះ វាអាចនាំមានការឆ្លងដោយប្រការណាមួយ ហើយអាចបង្កជាអគ្គិភ័យបាន៕