(រតនគិរី)៖ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរកែវ ខេត្តរតនគិរី បានបន្តបើកប្រតិបត្តិការចុះត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ និងតទ្រុងខុស បច្ចេកទេស នៅតាមផ្លូវជាតិលេខ៧៨ អាជ្ញាធរមិនទាន់រកឃើញរថយន្តល្មើសច្បាប់ទាំងនេះ បើកបរនៅតាមផ្លូវនៅឡើយទេ។ នេះបើតាមលោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។
លោក ហេង ប៊ុន្នី បានបញ្ជាក់ថា «ក្រុមការងារ បានបើកប្រតិបត្តិការលើកំណាត់ផ្លូវជាតិលេខ៧៨ ក្នុងភូមិសាស្ត្ររបស់ខ្លួនរយៈពេល៤ថ្ងៃ មកហើយពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ តែមិនប្រទះឃើញរថយន្តតទ្រុងខុសបច្ចេកទេស ធ្វើដំណើរឆ្លងកាត់នោះទេ»។
ជាមួយគ្នានេះលោកអភិបាលស្រុក បានបន្តថា កម្លាំងក្រោមបញ្ជារបស់លោក បានដាក់ប្រចាំការបន្តទៀត បើទោះមិនប្រទះឃើញរថយន្ត តទ្រុងខុសបច្ចេកឆ្លងកាត់ ក៏ដោយគឺអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថាចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើ ឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែង ផងដែរបើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុងហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ៕