(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បានលើកឡើងថា ស្ត្រីនៅកម្ពុជានៅតែប្រឈម បញ្ហារើសអើង ក្នុងសង្គម បន្ទុកគ្រួសារ និងផ្ទះសម្បែង កម្រិតទាបនៃការអប់រំ និងជំនាញ អំពើហិង្សា និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។
លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រោមអធិបភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងបញ្ជាក់ទៀតថា បញ្ហាប្រឈមទាំងនេះ បានបង្កហានីភ័យក្នុងភាពងាយរងគ្រោះរបស់ស្ត្រី និងអាចរារាំងការរីកចម្រើន នៃស្ថានភាពស្ត្រីក្នុងសង្គមដែលកំពុងវិវត្តយ៉ាងលឿន ដើម្បីប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ និងឆាកអន្តរជាតិ៕