(ភ្នំពេញ)៖ ក្រុមហ៊ុន WINEST គឺជាក្រុមហ៊ុនផ្គត់ផ្គង់ស្រាទំពាំងបាយជូរនាំចូលមកពីតំបន់នានា លើពិភពលោក ដែលកំពុងមានឈ្មោះល្បី នៅក្នុងកម្ពុជា បានរៀបចំកម្មវិធី «Old World Vs New World» ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ទាក់ទងនឹងស្រា។
កម្មវិធីពិសេសនេះ បានរៀបចំធ្វើឡើងនៅទីតាំងក្រុមហ៊ុនផ្ទាល់តែម្ដង ដែលមានការចូលរួមពី ភ្ញៀវកិត្តិយសជាច្រើននាក់ បានភ្លក់រសជាតិ ស្រាមួយចំនួនមកពី ប្រទេសផ្សេងៗគ្នា កាលពីរាត្រីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ចុងសប្ដាហ៍មុន។
តាមការពន្យល់ របស់លោកស្រី ឈឹម ចិន្តា ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Winest បានឲ្យដឹងថា កម្មវិធីថ្ងៃនេះ គឺជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីជាច្រើនទៀត ដែលក្រុមហ៊ុន តែងតែរៀបចំឡើងជាប្រចាំ។
លោកស្រី ឈឹម ចិន្តា បានបញ្ជាក់ថា គោលបំណងកម្មវិធីថ្ងៃនេះ គឺចង់ឲ្យភ្ញៀវកិត្តិយសស្វែងយល់ អំពីស្រាដែលនាំមកពី ប្រទេសប៉ែក អឺរ៉ុប និងតំបន់ផលិតស្រាមួយចំនួនទៀត នៅលើ ពិភពលោក ពិសេសគឺផ្តោតទៅលើ ការភ្លក់និងប្រៀបធៀប រសជាតិស្រាទាំងនោះ។
លោកស្រីបានបន្ថែមថា «យើងចង់ទាញអារម្មណ៍ភ្ញៀវថ្ងៃនេះ មកប្រៀបធៀប ថាតើស្រាមកពីពិភពចាស់ (old World wines) ជាមួយស្រាពិភពថ្មី (new World wines) ខុសគ្នាបែបណា»។
ហេតុអ្វី យើងចង់ធ្វើការ ប្រៀបធៀបបែបនេះ? លោកស្រីឈឹម ចិន្តា បានពន្យល់ថា នៅស្រុកយើង អ្នកដែលចូលចិត្តពិសារស្រា ភាគច្រើនគឺគាត់យល់ថា ស្រាបារាំងទើបឆ្ងាញ់ ហើយមាន គុណភាពខ្ពស់ ដែលការពិតវាមិនដូច្នោះទាំងស្រុងទេ old world និង new world ទាំងរសជាតិ ទាំងគុណភាព គឺមិនខុសគ្នាប៉ុន្មានទេ។
លោកស្រី បានលើកឡើងថា នៅប្រទេសយើង អាចចាត់ទុកថា ជាទីផ្សារដែលនៅក្មេងខ្ចី អ្នកនិយមទទួលស្រាក្រហម នៅមានចំនួនតិច ហើយរបៀបនៃការទទួលស្រា គឺទៅតាមទំលាប់ តៗគ្នា ពីមុនមក ពោលគឺភាគច្រើននិយមតែស្រា old world ព្រោះគេយល់ថា ស្រាបារាំងទើបល្អ។
ជាក់ស្តែងមួយរយៈ ចុងក្រោយនេះ ការនិយម new world wine មានការកើនឡើង ដោយសារតែពួកគាត់ ចាប់ផ្តើមទទួលយកជម្រើសផ្សេង ក្រោយពីការស្វែងយល់ និងសាកល្បង។ យ៉ាងណាក៏ដោយ នៅ Winest យើងខ្ញុំគឺមានគ្រប់ជំរើសសំរាប់ គ្រប់តំរូវការទាំងអស់ មិនថា old world ឬ new world ឡើយ ហើយយើងតែងតែ គិតគូពីគុណភាពជាចំបង៕