(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បានឲ្យដឹងថា ចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិលនៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ កើនឡើងប្រមាណ ១ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ លោកស្រីថា ចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិលមានរហូតដល់ទៅ ៤១ភាគរយ នៃចំនួនមន្ត្រីរាជការសរុប ២១៤,០១០នាក់។
លោកស្រី អ៉ឹង កន្ថាផាវី បានគូសបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រោមអធិបភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
លោកស្រី បានលើកឡើងថា ដោយសារតែការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការជំរុញ និងបញ្ជ្រាបស្ត្រីទៅក្នុងក្រសួងស្ថាប័នរបស់រដ្ឋ ជាពិសេសការដាក់ចេញគោលការណ៍ឲ្យជ្រើសរើសមន្ត្រីរាជការជាស្រ្តីឲ្យបានក្នុងចន្លោះ ២០ភារយ ទៅ៥០ភាគរយនោះ ចំនួនស្ត្រីដែលបានចូលបម្រើការងារជាមន្ត្រីរាជការបានកើនឡើងជារៀងរាល់ឆ្នាំ។
លោកស្រី បានឲ្យដឹងដែរថា ស្ត្រីជាមន្ត្រីរាជការស៊ីវិល ដែលមានមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង ស្រុក ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើមានចំនួន២៤ភាគរយ នៃមន្ត្រីរាជការមានមុខតំណែងសរុប ២៩,៦៦១នាក់ ពោលកើនឡើងប្រមាណ ២ភាគរយ បើធៀបនឹងឆ្នាំ២០១៦។
លោកស្រីរដ្ឋមន្ត្រី ក៏បានបង្ហាញទិន្នន័យស្ត្រីដែលបម្រើការងារនៅក្នុងក្របខណ្ឌកងកម្លាំងប្រដាប់អាវុធផងដែរ។ លោកស្រី អ៉ឹង កន្ថាផាវី បានឲ្យដឹងថា នៅឆ្នាំ២០១៧ ក្រសួងការពារជាតិ បានតែងតាំងនាយទាហាននារីចំនួនសរុប ៨៦រូប ក្នុងនោះនាយឧត្តមសេនីយ៍ចំនួន ១រូប ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ ថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ៧រូប ថ្នាក់ឧត្តមសេនីយ៍ទោមានចំនួន ១៦រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ៦២រូប។
ដោយឡែកក្នុងក្របខណ្ឌកងនគរបាលជាតិវិញ ក្រសួងមហាផ្ទៃ បានជ្រើសរើសស្ត្រីក្របខណ្ឌថ្មី និងតែងតាំងមុខតំណែងជាបន្តបន្ទាប់រួមមាន៖ ការដំឡើងឋានន្តរស័ក្តិចំនួន ៥.៤០ភាគរយ នៃចំនួនសរុប ១១,២៨១នាក់, តែងតាំងមុខតំណែងមានចំនួន ៤.៥៨ភាគរយ នៃចំនួបសរុប ១៤០នាក់ និងបានជ្រើសរើសក្របខណ្ឌថ្មី ២៤ភាគរយ នៃចំនួនសរុប ២,០៦៧នាក់។
បើតាមលោកស្រី អ៉ឹង កន្ថាផាវី បច្ចុប្បន្នមានស្ត្រីធ្វើជាឯកអគ្គរាជទូតខ្មែរប្រចាំនៅក្រៅប្រទេសចំនួន ៦រូប និងមានមន្ត្រីការទូតជាស្រ្តីមានចំនួន ២៤.៤៣ភាគរយ នៃមន្ត្រីការទូតសរុប ១៧០រូប។ ចំណែកស្ត្រីក្នុងប្រព័ន្ធតុលាការ បានកើនឡើងជាលំដាប់ក្នុងមុខតំណែងជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា សាការី និងមេធាវី។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ បានជ្រើសរើសសិស្សចៅក្រមជំនាន់ទី៨ មានចំនួន ៥៥នាក់ ក្នុងនោះស្រ្តី ១២នាក់៕