(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឲ្យដឹងថា នៅឆ្នាំ២០១៧កន្លងទៅនេះ មានស្រ្តីខ្មែរសរុបជិត ២ម៉ឺននាក់ បានចេញទៅបម្រើការងារនៅក្រៅប្រទេសក្នុងចំណោមពលករសរុបជាង ៥ម៉ឺននាក់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធាកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកស្រី អ៉ឹង កន្ថាផាវី បានលើកឡើងថា ពលការិនីដែលចេញទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ជប៉ុន និងសិង្ហបុរីមានចំនួន ១៨,០៩៧នាក់ ក្នុងចំណោមពលករសរុប ៤៤,០៨៦នាក់។ ដោយឡែកពលការិនីទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងវិញមានចំនួន ១,៦៣១នាក់ ក្នុងចំណោមពលករ ពលការិនីសរុប ៥,៩៦៧នាក់។
លោកស្រីប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីបានគូសបញ្ជាក់ដែរថា ពលការិនី ដែលចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនេះ ធ្វើលើវិស័យឧស្សាហកម្ម កសិកម្ម សំណង់ និងនេសាទ។ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានអះអាងដែរថា រាល់ពលការិនីដែលចេញទៅបម្រើការងារនៅប្រទេសសុទ្ធតែបាន បណ្តុះបណ្តាល ជំនាញបឋមដូចជា របៀបធ្វើការងារ ទំនៀមទម្លាប់ប្រពៃណី និងច្បាប់ប្រទេសទទួលពលករ និងត្រូវរៀបចំឯកសារផ្លូវច្បាប់ឲ្យបានត្រឹមត្រូវមុនការ បញ្ជូនពលករ និងនាំទៅដល់កន្លែងធ្វើការពិតប្រាកដ។
បើតាមលោកស្រី អ៉ឹង កន្ថាផាវី ឆ្នាំ២០១៧កន្លងទៅនេះ ក៏មានពលការិនីសរុប ៥៦២នាក់ ត្រូវបានជួយសង្រ្គោះ និងបានជួយសម្រួលឲ្យត្រឡប់មកដល់ ប្រទេសកម្ពុជាវិញ៕