(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទើបនឹងកែប្រែថ្មីចំនួន៥មាត្រា បានចូលដល់រដ្ឋសភាហើយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំ នៅរសៀលថ្ងៃនេះតែម្តង ដើម្បីពិនិត្យមុននឹងបញ្ជូនទៅគណៈកម្មការជំនាញសិក្សា និងត្រួតពិនិត្យ។ នេះបើតាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។
សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលរៀបចំកែប្រែថ្មីចំនួន៥មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ជាមួយនឹងសេចក្តីព្រាងច្បាប់ចំនួន៣ទៀត។ សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ បានកែប្រែជាថ្មីនូវមាត្រាមួយចំនួនដូចជា មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី។
ក្នុងពេលអនុម័តភ្លាមៗនោះ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនទាន់បញ្ជូនទៅកាន់រដ្ឋសភាភ្លាមៗទេ ដោយសាររង់ចាំព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាមុនសិន។ មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
ចំពោះការសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ធ្វើឡើង ដើម្បីលើកស្ទួយតម្លៃជាតិខ្មែរ ក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិតេយ្យជាតិ និងឯករាជ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ តាមគ្រប់រូបភាព ព្រមទាំងដើម្បីលើកស្ទួយការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ដែរថា ចំពោះការកែប្រែមាត្រា១១៨ នៃរដ្ឋធម្មនុញ្ញវិញ គឺធ្វើឡើងដើម្បីឆ្លើយតបឲ្យបានត្រឹមត្រូវតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការទទួលខុសត្រូវរបស់សមាជិករាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា ក៏ដូចជាផ្អែកលើបទពិសោធន៍នៃការងារអភិបាលកិច្ចបណ្តាប្រទេសជឿនលឿន ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងឋានៈជាប្រមុខរដ្ឋរាជរដ្ឋាភិបាល។ ការធ្វើវិសោធនកម្មមាត្រា ១១៨ថ្មី នេះមិនត្រឹមតែអាចបន្ថយចំនួន សមាភាព រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការពង្រឹងការទទួលខុសត្រូវខ្ពស់របស់សមាជិក រាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា និងការបង្កើនប្រសិទ្ធភាព នៃការងាររបស់អង្គនីតិប្រតិបត្តិតាមរយៈការកែទម្រង់លើរចនាសម្ព័ន្ធ និងអភិបាលកិច្ចនៃអង្គនីតិប្រតិបត្តិ នឹងអង្គមុខងារសាធារណៈផងដែរ៕