(កណ្ដាល)៖ លោកស្រី ឃួន សុដារី សមាជិកាគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកាសភាតំណាងរាស្រ្តមណ្ឌលកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក បានថ្លែងទៅកាន់សកម្មភាពគណៈពង្រឹងមូលដ្ឋាន ថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ ឲ្យរួមគ្នាលើកកម្ពស់ និងអនុវត្ដន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលនានា ដែលបានដាក់ចេញ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាប្រជាពលរដ្ឋ។
លោកស្រីបានថ្លែង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ១៩-២១-ខមករា ឆ្នាំ២០១៨ របស់គណបក្ស ប្រជាជនកម្ពុជា នៅស្រុកលើកដែក ខេត្ដកណា្ដល នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះថា មន្រ្តីបក្សគ្រប់ថ្នាក់នៅមូលដ្ឋានត្រូវគាំទ្រកម្មវិធីនយោបាយគណបក្ស និងត្រូវសកម្មក្នុងការបំពេញមុខងារ តាមតួនាទី ដើម្បីពង្រឹងរចនាសម្ពន្ធ័ ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គឺការចុះជួបគ្រួសារបក្សការចិញ្ចឹមចលនាបក្ស ការពង្រឹង ពង្រីកបក្ស និងការជំរុញសមាជិកបក្ស ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោកស្រី ឃួន សុដារី បានថ្លែងទៀតថា សូមមន្ដ្រីគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាព និងមនសិការទទួលខុសត្រូវរបស់មន្ដ្រីជំនាញម្នាក់ៗ សហការគ្នារវាងថ្នាក់លើនិងថ្នាក់ក្រោម លុបបំបាត់បក្ខពួក អំពើពុករលួយ ពិសេសត្រូវធ្វើខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ដើម្បីដឹងច្បាស់ពីតំរូវការចាំបាច់របស់ពួកគាត់ ដែលមន្ដ្រីយើងត្រូវបំពេញបន្ថែម ។លើសពីនេះ ត្រូវបន្ដលើកកម្ពស់ប្រសិទ្ធិភាព នៃការអនុវត្ដវិធានការ គោលការនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគំាទ្រដល់គោលដៅកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបចំពោះតម្រូវការផលប្រយោជន៍ប្រចាំថ្ងៃ របស់ប្រជាជនគ្រប់ស្រទាប់ ពិសេសប្រជាជនមានប្រាក់ចំណូលទាប ឲ្យបានប្រសើរឡើង៕