(សៀមរាប)៖ នៅរសៀលថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុជនកម្ពុជា (ស.ក.យ.ក) ខេត្តសៀមរាប បានសហការជាមួយសមាគមកីឡាបាល់ទាត់ខេត្ត បានបិទយុទ្ធនាការ សៀមរាបផ្ទះខ្ញុំ ក្រោមប្រធានបទ «កីឡា ដើម្បីសុខភាព ការប្រកួតបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌វ័យចំណាស់ អាយុលើស ៣៥ឆ្នាំ_២០១៨_លើកទីមួយ» ។
ហើយពិធីបិទការប្រកួត ពានរង្វាន់ នៃយុទ្ធនាការនេះ បានធ្វើឡើងក្នុងវត្តមានរបស់ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប, និងវត្តមាន លោក ប្រាក់ សោភ័ណ ប្រធានស្ដីទី ស.ក.យ.ក, លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និងជាប្រធានសមាគមកីឡា បាល់ទាត់ខេត្តសៀមរាប រួមនិងសហការី កីឡាករ មន្ត្រី រាជការ នៃមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសាធារណៈជនដែលស្រឡាញ់វិស័យ កីឡាមួយចំនួនទៀតផងដែរ។
លោក ទៀ សីហា បានមានប្រសាសន៍ថ្លែងនៅក្នុងពិធីបិទការប្រកួតនេះ ថា ៖ យុទ្ធនាការនេះ បានបើកការប្រកួត ក្នុងគោលបំណងគៀងគររកថវិកា ដើម្បីជាជំនួយក្នុងការធ្វើការងារមនុស្សធម៌ និងប្រកួតជាលក្ខណៈមិត្តភាព ដើម្បីបង្កើតភាពស្និតស្នាល និងដើម្បីសុខភាព ។ ហើយយុទ្ធនាការនេះ បានចាប់ផ្ដើមនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ រហូតមក ។
លោកបានថ្លែងទៀតថា៖ ការប្រកួតលើកនេះ គឺជាការចូលរួមចំណែកមួយក្នុងការធ្វើឲ្យវិស័យកីឡារបស់កម្ពុជា ក៏ដូចជាវិស័យអប់រំនៅ ខេត្តសៀមរាប មានការរីកចំរើន និងឈានឆ្ពោះទៅមុខជាលំដាប់ ។ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ចំនួន ៨ចំណុច ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺមានកំណែទម្រង់ការងារអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេស អប់រំកាយ កីឡារបស់សិស្ស និស្សិត យុវជន និងមហាជនប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ និងឈានឆ្ពោះទៅកាន់ការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ផងដែរ ។
សូមបញ្ជាក់ថា៖ ការប្រកួតពានរង្វាន់នេះបានប្រកួតវិញជុំ នៅទីលានបាលទាត់ ស.ស.យ.ក ក្រុងសៀមរាប។ ការប្រកួតគឺនៅថ្ងៃសៅរ៍ និងអាទិត្យ រៀងរាល់ចុងសប្ដាហ៍ ដែលក្នុងមួយថ្ងៃត្រូវប្រកួតពីរគូរ ក្នុងមួយគូរៗ មានរយ:ពេល៩០នាទី ដោយចាប់ផ្ដើមពីរសៀលម៉ោង១៥៖០០នាទី ដល់ម៉ោង ២១៖០០នាទី។ សូមរំលឹកថា៖ ក្រុមកីឡាដែលបានចូលរួមប្រកួតមាន០៨ក្រុមគឺ៖ ក្រុមបាល់ទាត់សិលាអង្គរខ្មែរ, គ្រុឌមាស, បាគង យូណាយធីត, អង្គរ ក្លាស៊ីក FC, រតន: អភិវឌ្ឍន៍ FC, បក្សីអង្គរ, អូលហ្រ្វិន, និងក្រុមបាល់ទាត់ គ្រុឌរាជ FC មានកីឡាករសរុប ១៧៦នាក់ (ជនបរទេស ៦នាក់) ។
ហើយការប្រកួតពានរង្វាន់នេះគឺគៀងគររកថវិកាបានចំនួន៣.៦០០ដុល្លារអាមេរិក ដើម្បីជាជំនួយក្នុងការធ្វើការងារមនុស្សធម៌ ។ ចំពោះលទ្ធផលនៃការប្រកួតពានរង្វាន់នេះក្រុមបគឺចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបក្សីអង្គរ, លេខ២ បានទៅក្រុមគ្រុឌមាស, លេខ៣ បានទៅក្រុមអង្គរ ក្លាស៊ីក FC ។ សូមបញ្ជាក់ផងដែរថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ផងដែរ។