(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី មានព្រះមហាក្សត្រីយ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធាន និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធាន។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីតែងតែបើកកិច្ចប្រជុំជាទៀតទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តនូវរាល់អនុសាសន៍លើការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។
ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់មួយផងដែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម៕