(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានលើកឡើងថា ការបង្កើតសមាគម TYDA គឺជាការបង្កើតកម្លាំងប្រមូលផ្តុំ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោក បានដឹកនាំសមាគម TYDA ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាង៥ពាន់នាក់ នៅស្រុកបារាយ ខេត្តកំពង់ធំ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកបន្តថា ការបង្កើតសមាគមមនុស្សធម៌នេះ គឺជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យប្រមូលកម្លាំងស្ម័គ្រចិត្តចុះព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅតាមបណ្តាខេត្ត តាមអង្គការ មជ្ឈមណ្ឌលកុមារកំព្រា សហគមន៍ តាមបណ្តារោងចក្រ និងតាមផ្ទះជួលរបស់របស់កម្មករកម្មការិនីដែលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងថ្ងៃនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាង២០០នាក់ ដែលមានផ្នែកជាច្រើនចុះមកពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកបារាយនេះ ព្រមទាំងពិនិត្យលទ្ធភាពបញ្ជូនទៅព្យាបាលនៅភ្នំពេញ ឬតាមអង្គការដៃគូរផងដែរ។ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបារាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុន LG Metphone យុវជន លោកគ្រូ អ្នកគ្រូ និងផ្នែកដែលពាក់ព័ន្ធ ដែលបានចូលរួម នៅក្នុងសកម្មភាពមនុស្សធម៌នេះ។
នាឱកាសនោះ លោកបណ្ឌិត ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបារាយ បានលើកឡើងថា ប្រទេសមានសុខសន្តិភាព មកដល់សព្វថ្ងៃនេះ គឺបានដោយសារយុទ្ធសាស្ត្រឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់ និងតស៊ូគ្រប់បែបយ៉ាង ដើម្បីស្វែងរកសុខសន្តិភាពនេះ ដោយសារសុខសន្តិភាពនេះហើយ កម្ពុជាមានអ្វីគ្រប់យ៉ាងដែលឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ដូច្នេះត្រូវថែរក្សាសុខសន្តិភាពនេះ ឲ្យបានគងវង្សទោះជាតម្លៃណាក៏ដោយ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឲ្យដឹងថា គោលបំណងសំខាន់ របស់សមាគមគឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ប្រមូលកម្លាំងស្ម័គ្រចិត្ត ចូលរួមធ្វើសកម្មភាពមនុស្សធម៌។
ចំពោះសកម្មមនុស្សធម៌នេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ឲ្យគៀកនិងប្រជាពលរដ្ឋតាមសហគមក្រីក្រ និងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលគិតមកដល់ពេលនេះ សមាគមបានធ្វើសកម្មភាពមនុស្សធម៌ អស់រយៈពេល៥ឆ្នាំកន្លងមកហើយ និងបានពិនិត្យព្យាបាលជំងឺជូនកម្មករកម្មការនី និងប្រជាពលរដ្ឋ សរុប២៥ម៉ឺននាក់ និងមានករណីជំងឺធ្ងន់ធ្ងរជាង៣ពាន់នាក់ បានបញ្ជូនបន្តមកព្យាបាល នៅតាមមន្ទីពេទ្យ និងអង្គការជាដៃគូរ ក្នុងរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលបានទទួលការព្យាបាល ដោយឥតគិតថ្លៃបានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន, លោក ហ៊ុន ម៉ាណែត និងក្រុមគ្រូពេទ្យ ដែលបានពិនិត្យព្យាបាល ជូនពួកគាត់យ៉ាងយកចិត្តទុកដាក់ និងមិនគិតថ្លៃ និងបានសំណូមពរឲ្យសមាគមចុះមកធ្វើសកម្មភាពមនុស្សធម៌នេះ ឲ្យបានកានតែច្រើនថែមទៀត។
សូមបញ្ជាក់ថានេះ គឺជាបេសកកម្មជាលើកទី៣ សម្រាប់ខេត្តកំពង់ធំ ដែលមានក្រុមការងារគ្រូពេទ្យជំនាញៗ នៃសមាគមTYDA បានចុះពិនិត្យព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ តាមផ្នែកផ្សេងៗរួមមាន ផ្នែកជំងឺទូទៅ ផ្នែកជំងឺមាត់ធ្មេញ ផ្នែករោគស្រ្តី ផ្នែកត្រចៀកច្រមុះបំពង់ករ ផ្នែកភ្នែក ផ្នែកវះកាត់តូច ផ្នែកឫសដូងបាត និងផ្នែកជំងឺសើស្បែក ជាងនេះទៅទៀត មានផ្នែកមន្ទីពិសោធន៍ ដែលអាចពិនិត្យឈាមឃើញលទ្ធផលភ្លាមៗ សរុបទាំងអស់បានចំនួន៥,៨០៤នាក់ និងបញ្ជូនព្យាបាលបន្តចំនួន៩៩នាក់៕