(កំពង់ស្ពឺ)៖ ប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ លោក លី សុន និងលោក អ៊ុក​ កោសា អនុប្រធាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានាដែលមានតម្លៃជិត៨ម៉ឺនដុល្លារ នៅ​វត្តស្រះធុល ក្នុង​ភូមិស្រះធុល ឃុំយុទ្ធ​សាមគ្គី។

​ក្នុងឱកាសនោះ លោក អ៊ុក កោសា ក៏បានលើក​ឡើង​ថា អ្វីដែលបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺកើតចេញពីការស្នើសុំរបស់មេភូមិ មេឃុំនៃគណបក្សប្រជាជន ហើយការស្នើសុំនេះសបញ្ជាក់ថា ពួកគាត់យកចិត្តទុកដាក់ចំពោះប្រជាជន មិនយកលុយមកដាក់ហោប៉ាវខ្លួនឯងចាយនោះទេ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានបញ្ជាក់ដែរថា បើទោះបីគណបក្សប្រឆាំងត្រូវតុលាការរំលាយទៅហើយក្តី គណបក្សប្រជាជនចង់រស់នៅជាមួយបងប្អូន អតីតបក្សប្រឆាំង ដោយសោមមនស្សរីករាយ ប្រកបដោយការអភិវឌ្ឍន៍ និងដោយសុខសន្តិភាព ក្នុងន័យជាពលរដ្ឋ​កម្ពុជាតែមួយ​។​

លោក​រំលឹកឡើងថា នៅឆ្នាំ១៩៧៧ គ្រាមួយរូបលោក​មកដល់វត្តស្រះ​ធុលដែលកំពុងសម្ភោធនេះ លោកមិនភ្លេចទេគឺលោកបានទទួលទានហូបបបរ មួយចានទើបមានជីវិតមកទល់ពេលនេះ ដូច្នេះទើបលោកគោរពដឹងគុណចំពោះ វត្តនេះមិនភ្លេចទេ ហើយលោកនឹងគៀងគរសប្បុរសដើម្បីជួយ​ប្រជាពល​រដ្ឋបន្ថែមទៀត ទាំងផ្លូវ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក ដើម្បីឲ្យជីវភាពកាន់​តែប្រសើរ​។

លោក លី សុន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកឧដុង្គ ក៏បានបន្ថែមថា ការអភិវឌ្ឍន៍ និងសម្ពោធសមិទ្ធផលនានាថ្ងៃនេះ គឺបានមក ពីការដឹកនាំរបស់គណបក្សប្រជាជន បានមកពីការប្រឹងប្រែងរបស់រាជរដ្ឋាភិ​បាល ដែលដឹកនាំដោយគណបក្សប្រជាជន ហើយសមិទ្ធផលដ៏ច្រើនស្អេកស្កះ​ គណនាមិនបាន នេះគឺជាការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ របស់ក្រុមការងារគណបក្សប្រជាជន ជាពិសេសគឺសប្បុរសជនមានការជឿជាក់ លើកិច្ចការមនុស្សធម៌ដ៏​ប្រសើរចំពោះប្រជាពលរដ្ឋស្រុកឧដុង្គនេះតែម្តង​។

សមិទ្ធផលដែលត្រូវសម្ពោធនាថ្ងៃនេះរួមមាន បណ្តាល័យ០១ខ្នង​, កុដិឈើ០១​ខ្នង, កុដិថ្ម០១ខ្នង, បន្ទប់ទឹក០២ខ្នង, អណ្តូងទឹក, ស៊ីទែនទឹក, ម៉ូទ័រមូបទឹក, ក្លោងទ្វាវត្ត, មន្ទីរចូលបច្ច័យ, រោងទទួលភ្ញៀវ និងបំពាក់គ្រឿងសង្ហារឹមផ្សេងៗចំណាយថវិកាសរុប​៧៧,៥៥០ដុល្លាអាមេរិច​​៕