(ភ្នំពេញ)៖ ហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP Group បានចាប់ផ្តើមបើកលក់ជាផ្លូវការហើយ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលជាសាខាទី៩ នៃហាងកាហ្វេ «ARABITIA» មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នូល ខេត្តកណ្ដាល ទល់មុខរោងចក្រចំណីសត្វ ស៊ី ភី (C.P Cambodia Co.,Ltd) ម្ដុំផ្សារបែកចាន ដោយបានធ្វើពិធីសម្ពោធយ៉ាងអធិកអធម ក្រោមវត្តមានដៃគូពាណិជ្ជកម្ម, អ្នកជំនួញ ព្រមទាំងម្ចាស់ហាងកាហ្វេ និងអតិថិជន ចួលរួមអបអរសាទរ ជាច្រើននាក់។
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន កាហ្វេ ប៊ឹស (Cafe Bus) ដែលបានទិញសិទ្ធផ្ដាច់មុខ នូវ Franchies កាហ្វេអារ៉ាប៊ីធា «ARABITIA» ពីប្រទេសថៃ មកចែកចាយបន្ត នៅក្នុងប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ទាំងក្មេង ទាំងចាស់ ជាពិសេសយុវវ័យ កំពុងតែមានការពេញនិយម ក្នុងការទទួលទានកាហ្វេ ដែលមានម៉ាកយីហោ (Brand) ល្បីៗ ជារៀងរាល់ថ្ងៃនោះ នៅថ្ងៃនេះ ម៉ាកកាហ្វេដ៏ល្បីល្បាញមួយទៀត របស់ប្រទេសថៃ មានឈ្មោះថា «Arabitia» របស់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក បានបើកបម្រើអតិថិជន គ្រប់ស្រទាប់វណ្ណៈ នៅតំបន់ផ្សារបែកចាន ដែលជាទីប្រជុំជនមួយដ៏ធំ និងទទួលស្វាគមន៍ភ្ញៀវគ្រប់ស្រទាប់វណ្ណៈទាំងអស់ ជាពិសេសអ្នកដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤នេះ តែម្ដង។
លោកឧកញ៉ាបន្តថា ជាការពិតណាស់ កាហ្វេអារ៉ាប៊ីធា «ARABITIA» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាកលំហែខួរក្បាល កន្លែងធ្វើការ កន្លែងណាត់ជួប ជជែកកម្សាន្ត ទាំងជាលក្ខណៈមិត្តភាព និងការងារ ផងដែរ។ សម្រាប់ការបើកដំណើរការ សាខាផ្សារបែកចាននេះ ដើម្បីបំពេញសេចក្ដីត្រូវការ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលនិយមចូលចិត្ត ពិសារកាហ្វេ ពិភាក្សាការងារផ្សេងៗ។ យ៉ាងណាមិញ ទោះបីសព្វថ្ងៃនេះ មានហាងកាហ្វេម៉ាកល្បីៗ ជាច្រើនរីកដុះឡើង ដូចផ្សិតក៏ដោយ ក៏ហាងកាហ្វេ អារ៉ាប៊ីធា នៅតែរក្សាបាននូវប្រជាប្រិយភាព នៅក្នុងប្រទេសកម្ពុជា ហើយយើងកំពុងតែពង្រីកសាខា ជាបន្តបន្ទាប់ទៀត រហូតដល់តាមបណ្ដាខេត្តនានា។
ម្យ៉ាងវិញទៀត អ្វីដែលលោកឧកញ៉ា មិនបានភ័យព្រួយចំពោះការ ប្រកួតប្រជែងលើទីផ្សារកាហ្វេ នាពេលបច្ចុប្បន្ននេះ គឺហាងកាហ្វេ «Arabitia» បានយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃរសជាតិ អនាម័យ តម្លៃ និងសេវាកម្មដ៏ល្អ ដល់អតិថិជនទាំងអស់ ខណៈដែលហាង ក៏មានបម្រើជូននូវម្ហូបអាហារ មានរសជាតិឆ្ងាញ់ ទាំង៣ពេល ជូនដល់អតិថិជនជាពិសេសអ្នកដំណើរគ្រប់ៗរូប ផងដែរ។ លោកបន្តថា ទោះបីជាក្រុមហ៊ុនរបស់យើង ទើបតែបើកដំណើរការ បានរយៈពេលខ្លីពិតមែន ប៉ុន្តែយើងបានពង្រីកខ្លួន យ៉ាងឆាប់រហ័ស ដោយបានបើកសាខាថ្មីជាបន្តបន្ទាប់ និងទទួលបានការគាំទ្រយ៉ាងច្រើន ពីដៃគូពាណិជ្ជកម្ម និងអតិថិជន។ ភាពជោគជ័យនេះ កើតមានឡើងបានដោយសារតែក្រុមហ៊ុន មានការតាំងចិត្តច្បាស់លាស់ ចំពោះអតិថិជន និងផ្ដល់ជូននូវគុណភាព អនាម័យ រសជាតិ និងសេវាកម្មរហ័សទាន់ចិត្ត។
ដោយឡែក លោក អ៊ឹង វ៉េងអ៊ីម ម្ចាស់ហាងកាហ្វេ អារ៉ាប៊ីធា «ARABITIA» សាខាផ្សារបែកចាន បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីការនិយមចូលចិត្ត ទៅលើការពិសារកាហ្វេ និងមើលឃើញពីទីតាំងភូមិសាស្ត្រ អំណោយផលផងនោះ លោកក៏បានសម្រេចចិត្ត បោះទុនប្រមាណជិត២០ម៉ឺនដុល្លារ ដើម្បីទិញ Franchies កាហ្វេ អារ៉ាប៊ីធា «ARABITIA» បើកបម្រើអតិថិជន នៅថ្ងៃនេះ។ លោកបន្តថា ទោះបីបច្ចុប្បន្នមានហាងកាហ្វេ រីកដុះដាលច្រើនក្ដី ប៉ុន្តែលោកមិនបានភ័យព្រួយ ចំពោះការប្រកួតប្រជែងទីផ្សារឡើយ ខណៈដែលនៅតំបន់នេះ មិនទាន់មានហាងកាហ្វេទំនើបបើកនោះទេ ហើយលោកក៏គ្រោងពង្រីកមួយសាខាទៀត ដល់ខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗនេះ ផងដែរ។
លោកបានសង្កត់ធ្ងន់ទៀតថា ជាការពិតណាស់បច្ចុប្បន្ននេះ មានហាងកាហ្វេល្បីៗជាច្រើន បានរីកដុះដាលព្រោងព្រាត ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែហាងកាហ្វេទាំងនោះ មានគោលដៅទៅលើអតិថិជនខុសៗគ្នា ហាងកាហ្វេខ្លះ ផ្ដោតសំខាន់លើមនុស្សចាស់ និងហាងខ្លះផ្ដោតសំខាន់លើយុវវ័យ ប៉ុន្តែសម្រាប់ហាងកាហ្វេ «Arabitia» គឺយើងមានគោលដៅ ផ្ដោតសំខាន់លើមនុស្សគ្រប់វ័យទាំងអស់ មិនថាចាស់ ក្មេង យុវវ័យ ឬមនុស្សក្នុងឋានៈណានោះទេ ពោលគឺយើងមានការរចនា ផ្ទៃហាងទាំងមូល តម្រូវតាមចិត្តអតិថិជន ទាំងអស់។
សូមបញ្ជាក់ថា ជាមួយនឹងការបើកសម្ពោធសាខាថ្មីនេះ កាហ្វេ អារ៉ាប៊ីធា «ARABITIA» ក៏មាននូវប្រម៉ូសិនពិសេសៗ គឺទិញ មួយកែវ ថែមជូន មួយកែវ និងគ្រប់ផលិតផលទាំងអស់ ដែលរួមមាន កាហ្វេ អាហារសម្រន់ Fast Food and Bakery ជាដើម។ ប្រម៉ូសិនពិសេសនេះ ធ្វើឡើងចាប់តាំងពី ថៃ្ងទី០៥ រហូតដល់ ថ្ងៃទី១៤កុម្ភៈ ឆ្នាំ ២០១៨ នេះ និងដើម្បីអបអរឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ។ ហាងកាហ្វេ «Arabitia» គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ ដែលបានផ្ដល់នូវការជឿទុកចិត្ត ដល់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក តាមរយៈការផ្ដល់សិទ្ធិផ្ដាច់មុខ ក្នុងការបើកដំណើរការ និងលក់សិទ្ធិបើកបន្តហាងកាហ្វេ «Arabitia» ក្នុងប្រទេសកម្ពុជា។
សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ ចូលរួមគាំទ្រ និងចូលទទួលទានកាហ្វេ អារ៉ាប៊ីធា «ARABITIA» សាខាបែកចាននេះ ទាំងអស់គ្នា បន្ទាប់ពីការបើកដំណើរការនេះ!៕