(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាចនៅកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានលើកឡើងថា សេចក្តីស្នើច្បាប់ ដែលរៀបចំដោយ ក្រុមសមាជិកព្រឹទ្ធសភាមួយក្រុមតូច របស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសកម្ពុជានោះ នឹងមិនងាយបានសម្រេចទេ។
ការវាយតម្លៃ របស់អ្នកនាំពាក្យគណបក្សកាន់អំណាចនៅកម្ពុជាបែបនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយចំនួនតូច របស់សហរដ្ឋអាមេរិក ដែលរួមមាន លោក លីន ស៊ីគ្រែម (Lindsey Graham), លោក ឌិច ឌើប៊ីន (Dick Durbin), លោក ថេត គ្រួស (Ted Cruz), លោក ប៊ិន ខាឌីន (Ben Cardin) និងលោក ផេកឌ្រីក លាហី (Patrick Leahy) បានរៀបចំសេចក្តីព្រាងច្បាប់មួយ ដើម្បីស្នើការគាំទ្រសម្រាប់ការដាក់ទណ្ឌកម្មបន្ថែម លើកម្ពុជា។ នៅក្នុងពង្រៀងច្បាប់នេះ ក៏ស្នើឱ្យរដ្ឋាភិបាលអាមេរិកពន្យារពេលការពិភាក្សាដើម្បីលុបបំណុលអាមេរិកដែលកម្ពុជាជំពាក់, ហាមឃាត់ការផ្ដល់ជំនួយអាមេរិកដល់រដ្ឋាភិបាលកម្ពុជា និងគាំទ្ររដ្ឋាភិបាលអាមេរិក ក្នុងការបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងស្នើឲ្យអាមេរិកបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជាផងដែរ។
ឆ្លើយតបនឹងសកម្មភាពរបស់ព្រឹទ្ធសភាអាមេរិកទាំងនោះ លោក សុខ ឥសាន លើកឡើងចំនួន៦ចំណុច។ លោក សុខ ឥសាន បានអះអាងថា៖
១៖ សេចក្តីព្រាងច្បាប់សំដៅដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា គឺផ្តួចផ្តើមដោយព្រឹទ្ធសមាជិកអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ហើយនៅត្រូវឆ្លងនីតិវិធីវែងឆ្ងាយច្រើនទៀត ទម្រាំបានអនុម័ត។ នៅក្នុងការប្រជុំអនុម័ត ក៏នៅពិភាក្សាតវ៉ាគ្នាច្រើនទៀត។
២៖ ការមិនចង់ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិភាក្សាពីបញ្ហាបំណុលកម្ពុជា ដែលមានតាំងពិសម័យសង្គ្រាម ឆ្លុះបញ្ចាំងឲ្យឃើញថា ព្រឹទ្ធសមាជិកប៉ុន្មានរូបនោះ គ្មានសីលធម៌ មនុស្សធម៌ និងសិទ្ធិមនុស្សអីបន្តិចសោះ ទម្លាក់គ្រាប់លើកម្ពុជាហើយតម្រូវឲ្យកម្ពុជាសងទៀត? គួរឲ្យហួសចិត្តណាស់ ។
៣៖ ការចង់បង្កកទ្រព្យសម្បត្តិ លុយកាក់របស់មន្ត្រីកម្ពជា អត់មានប្រសិទ្ធភាពទេ ដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរាជរដ្ឋាភិបាល គ្មានប្រាក់ឯណារាប់លានយកទៅ ទុកនៅក្រៅប្រទេសឲ្យគេរឹបអូសទេ។ ដូច្នេះគ្មានរឿងអីត្រូវព្រួយបារម្ភ ឬភិតភ័យទេ។
៤៖ ការហាមមិនឲ្យចូលទៅជាន់ទឹកដីសហរដ្ឋអាមេរិក ក៏មិនឈឺក្បាល វិលមុខអីដែរ អ្នកដែលមិនបានទៅអាមេរិក មានដែលស្លាប់ឯណា? ហើយអ្នកដែលបាននិងកំពុងរស់នៅក្នុងអាមេរិក មានជីវិតអមតៈឯណា ?
៥៖ ការប៉ុនប៉ងបិទទីផ្សារនាំចូលទំនិញពីកម្ពុជា ហួសពេលហើយ ព្រោះក្រុមហ៊ុនបញ្ជាទិញបានចុះកិច្ចសន្យាទិញរួចហើយ បើមានបិទមែននោះនឹងមានប្រតិកម្មពីក្រុមហ៊ុនបញ្ជាទិញជាមិនខាន ។
៦៖ ព្រឹទ្ធសភាអាមេរិក និងសភាអឺរ៉រុប មិនមែនចេះតែបញ្ជារដ្ឋាភិបាល បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបបានតាមចិត្តនោះទេ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការប៉ុនប៉ងប្រកបដោយអមនុស្សធម៌ អសីលធម៌ របស់ព្រឹទ្ធសមាជិកអាមេរិកមួយចំនួនតូចនោះ មិនងាយនឹងបានសម្រេច ផលតាមចិត្តចង់ ដែរដោយសារតែកាន់ជើងអាយ៉ងធ្វើបដិវត្តន៍ពណ៌បរាជ័យ ហើយចង់ឲ្យរស់ឡើងវិញ បានរស់នោះទេ»។
លោកបានបន្តទៀតថា ដំណើរលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា នៅតែដំណើរការដោយរលូន និងកាន់តែរឹងមាំ ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ ប្រទេសជាតិនៅតែរីកចម្រើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ប្រជាជនមានជីវភាព សម្បូរសប្បាយ ក្នុងក្តីសង្ឃឹមលើអនាគតភ្លឺស្វាងជានិច្ច ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នៅតែប្រព្រឹត្តទៅតាមកាលបរិច្ឆេទ គ្រោងទុកគ្មាន កែប្រែឡើយគឺថ្ងៃទី២៩ ខែកក្កដា ២០១៨ ជាកំណត់៕