(ឧត្តរមានជ័យ)៖ ថ្លែងទៅកាន់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងខេត្តឧត្តរមានជ័យ ដែលជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានោះ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តឧត្តរមានជ័យ បានថ្លែងថា វត្តមានគណបក្សប្រជាជនកម្ពុជា គឺជាតំណាងឲ្យភាពរីកចម្រើនរបស់ជាតិកម្ពុជាទាំងមូល។

ក្នុងជំនួបស្វែងរកសំឡេងឆ្នោតដែលធ្វើនាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក គន់ គីម បានគូសបញ្ជាក់ពីសារសំខាន់នៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។

លោក គន់ គីម បានអំពាវនាវអង្គបោះឆ្នោតទាំងអស់ត្រូវចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា។ លោក គន់ គីម បានរំលឹកថា វត្តមានគណបក្សប្រជាជនកម្ពុជា គឺជាវត្តមានដ៏សំខាន់ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ពោលមានគណបក្សប្រជាជនកម្ពុជា គឺជាតិមានការរីកចម្រើនរុងរឿង៕