(កណ្តាល)៖ ក្នុងពិធីចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋនៅស្រុកកោះធំនៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួសាធារណការ និងដឹកជញ្ជូន បានថ្លែងជំរុញប្រជាពលរដ្ឋឲ្យពាក់មួកសុវត្ថិភាពគ្រប់គ្នារាល់ពេលធ្វើដំណើរ ហើយបានរំលឹកដោយឡើងជាស្លោកដាស់តឿនថា «មួកសុវត្ថិភាពមួយជួយសង្គ្រោះជីវិតមនុស្សបានម្នាក់»។
ក្នុងពិធីចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋប្រមាណ ៥៣៤នាក់នោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មួកសុវត្ថិភាពស្តង់ដារជួយដល់អ្នកបើកបរម៉ូតូយ៉ាងច្រើន ជាពិសេស ជួយការពារ និងសង្គ្រោះជិវិតនិងពិការភាពរបស់អ្នកធ្វើដំណើរដោយម៉ូតូ។
«គ្រោះថ្នាកចរាចរជាឃាតករលាក់មុខដែលលបសម្លាប់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃ គ្រោះថ្នាក់ចរាចរបណ្តាលឲ្យស្លាប់ប្រមាណ ៧៨%កើតឡើងដោយសារការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ មហន្តរាយដ៏ធំធេងនេះធ្វើឲ្យប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែម។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បើកបរម៉ូតូដោយពាក់ពួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា មិនថាផ្លូវជិត ឬឆ្ងាយឡើយ ព្រោះគ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងគ្រប់ពេលវេលា វាមិនដែលប្រកាន់ថា ទាល់តែផ្លូវឆ្ងាយទើបមានគ្រោះថ្នាក់ទេ៕