(កណ្តាល)៖ ថ្លែងទៅកាន់សមាជិកសមាជិការក្រុមប្រឹក្សាឃុំក្នុងស្រុកកោះធំ ក្នុងពិធីឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកកោះធំ ដែលជាស្រុកកំណើតរបស់លោកនោះបានគូសបញ្ជាក់ថា វត្តមានសន្តិភាពដែលមាននៅកម្ពុជា ជាតួអង្គដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ជាតិកម្ពុជាឲ្យរីកចម្រើន និងរុងរឿងជាថ្មី។

ក្នុងពិធីស្វែងរកសំឡេងឆ្នោតដែលមានអ្នកចូលរួមប្រមាណ ៥៣៤នាក់នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា «មានសន្តិភាពមានអ្វីៗទាំងអស់។ ជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាស្ពានឆ្លងទន្លេ ផ្លូវជាតិ ផ្លូវជនបទ សាលារៀន កីឡាដ្ឋាន និងវត្តអារាមជាដើមមានការអភិវឌ្ឍយ៉ាងច្រើន ដែលពីមុនហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នៅស្រុកនេះ មិនមានការអភិវឌ្ឍឡើយ ហើយជីវភាពប្រជាពលរដ្ឋក៏មានភាពធូរធានិងប្រសើរជាងមុន។ សមិទ្ធផលទាំងនេះ បានប្រសូត្រចេញពីនយោបាយសន្តិភាព បង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន»។

លោក ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើឲ្យសមាជិក សមាជិការក្រុមប្រឹក្សាឃុំ ដែលជាសមាសភាពនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ថែរក្សាសុខភាពឲ្យបានល្អបរិបូណ៌ និងរួបរួមគ្នាជាធ្លុងមួយត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីអាចបន្តមហិច្ឆតាក្នុងការកសាងអភិវឌ្ឍន៍ប្រទេសឲ្យក្លាយជាប្រទេសមានចំណូលខ្ពស់ ដូចប្រទេសអភិវឌ្ឍទាំងឡាយនៅក្នុងពិភពលោក៕