(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់បានចាត់ទុកថា ការអះអាងរបស់អ៊ីស្រាអែលថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយ គ្រឿង និងថាតេហេរ៉ង់មានជាប់ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្ដហោះចម្បាំងអ៊ីស្រាអែល គឺជារឿងមួយគួរឱ្យអស់
សំណើច។ ព្រមពេលជាមួយគ្នា មេបញ្ជាការអ៊ីរ៉ង់ ម្នាក់ក៏បានព្រមានដែរថានឹងបង្កើតឋាននរកមួយសម្រាប់អ៊ីស្រាអែល ក៏ដូចជាកម្ទេចមូលដ្ឋានទ័ពអាមេរិកទាំងអស់នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។
ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីសា្រអែល បានផ្ទុះឡើងជាថ្មី បន្ទាប់ទីក្រុងតែល អាវីល ចោទប្រកាន់ទីក្រុងតេហេរ៉ង់ថាមាន ជាប់ពាក់ព័ននឹងការបាញ់ទម្លាក់យន្ដហោះចម្បាំងអ៊ីស្រាអែលមួយគ្រឿង កាលពីថ្ងៃសៅរ៍។ តែយ៉ាងណាក៏ដោយ ថ្លែង ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qassemi បានគូសបញ្ជាក់ដូច្នេះ ថា៖«ការអះអាងថាយន្ដហោះដ្រូនអ៊ីរ៉ង់ត្រូវបានបាញ់ទម្លាក់ រួមទាំងការចោទប្រកាន់ថា អ៊ីរ៉ង់បានចូលរួមក្នុងការបាញ់ ទម្លាក់យន្ដហោះចម្បាំងអ៊ីស្រាអែលគឺជារឿងគួរឱ្យអស់សំណើច...ម្យ៉ាងវិញទៀត វត្តមានអ៊ីរ៉ង់នៅស៊ីរីគឺត្រឹមតែជាអ្នកប្រឹក្សា តាមការស្នើសុំដោយស្របច្បាប់របស់រដ្ឋាភិបាលស៊ីរី តែប៉ុណ្ណោះ»។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអែល បានរាយការណ៍ថាយន្ដហោះចម្បាំងរបស់ខ្លួន F-16 ត្រូវបានគេបាញ់ ទម្លាក់នៅស៊ីរី ហើយជាការឆ្លើយតបយោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានអ៊ីរ៉ង់ និង កងទ័ពស៊ីរីចំនួន១២ទីតាំងនៅលើទឹកដីស៊ីរី។
ប៉ុន្តែ ជុំវិញការវាយប្រហារនេះដែរ មេបញ្ជាការយោធាអ៊ីរ៉ង់ លោក Hossein Salami បានព្រមានថានឹងធ្វើការឆ្លើយតប វិញយ៉ាងសាកសម។ «សកម្មភាពឈ្លានពានរបស់អ៊ីស្រាអែល នឹងត្រូវទទួលរងការឆ្លើយតបវិញយ៉ាងសាកសម ពីព្រោះ អ៊ីរ៉ង់មានសមត្ថភាពបង្កើតឋានរកមួយសម្រាប់តែល អាវីល ហើយយើងក៏មានសមត្ថភាពកម្ទេចរាល់មូលដ្ឋានយោធា អាមេរិកនៅក្នុងតំបន់ផងដែរ។ នេះជាព្រមានរបស់លោក Hossein Salami៕