(ភ្នំពេញ)៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រជាជនកម្ពុជា ជាពិសេសសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ ពិតជាមានការភ្ញាក់ផ្អើលចំពោះការប្រកាសលាលែងពីតំណែងរបស់ សម រង្ស៊ី ពីប្រធានគណបក្ស និងលះបង់សមាជិកភាពបក្សនេះចោលថែមទៀតក្រោមហេតុផលថាដើម្បីជួយសង្គ្រោះបក្សរបស់ខ្លួនកុំឱ្យរំលាយដោយច្បាប់ស្តីពីគណបក្សនយោបាយថ្មី ដែលហាមឃាត់មិនឲ្យអ្នកទោសដូចខ្លួនធ្វើនយោបាយ។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ គឺមានរយៈពេលមួយឆ្នាំគត់ដែល សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្ស ប៉ុន្តែលទ្ធផលបានបង្ហាញថាអ្វីដែល សម រង្ស៊ី លះបង់គ្មានន័យអ្វីទាំងអស់ និងថែម ទាំងបង្ហាញពីការបរាជ័យយ៉ាងធ្ងន់ធ្ងរ នៃយុទ្ធសាស្ត្រនយោបាយដែលខ្លួនសម្រេចដើរថែមទៀតផង ព្រោះគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលដោយច្បាប់ និងថែមទាំងធ្វើឲ្យសមាជិករបស់ខ្លួនចំនួន ១១៨នាក់ ត្រូវបានដកសិទ្ធិធ្វើនយោបាយ ៥ឆ្នាំផងដែរ។

លទ្ធផលនយោបាយនៅពេលនេះ គឺកំហុសមកពីគណបក្សសង្គ្រោះជាតិផ្ទាល់ដែលព្យាយាមឡើងដឹកនាំគ្រប់គ្រងអំណាចតាមផ្លូវមិនប្រជាធិបតេយ្យគឺការប្រើប្រាស់បដិវត្តន៍ពណ៌ ក្រោមខ្សែញាក់របស់បរទេសជាចៅហ្វាយនាយរបស់ខ្លួន។ តើកំហុសអ្វីខ្លះ ដែលថ្នាក់ដឹកនាំនៃគណបក្សនេះបានប្រព្រឹត្ត?

ទី១- ប៉ុនប៉ងឡើងដឹកនាំអំណាចមិនតាមផ្លូវប្រជាធិបតេយ្យ៖ សម រង្ស៊ី និង កឹម សុខា បានធ្វើនយោបាយបែបប្រជាភិថុតិដោយប្រើវិធីសាស្ត្រញុះញង់ឲ្យស្អប់ជាតិសាសន៍ ប្រឆាំងនឹងជនបរទេស គឺជនជាតិវៀតណាម និងជនជាតិចិនព្រមទាំងបានប្រើវោហារសាស្រ្តបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិសាធារណជាតិ និងអន្តរជាតិអំពីស្ថានភាពពិតនៃប្រទេសកម្ពុជា។ ពួកគេបានវាយប្រហារលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា រួមនឹងមន្ត្រីរាជការខ្មែរថាជាអាយ៉ងបរទេស និងបញ្ឆេះកំហឹងវណ្ណៈក្នុងសង្គមកម្ពុជារវាងអ្នកមាន និងអ្នកក្រ ក្នុងគោលបំណងចុងក្រោយគឺញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំង
ប្រដាប់អាវុធងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ដោយអនុវត្តតាមបទពិសោធ ដែលចៅហ្វាយនាយបរទេសរបស់ខ្លួនបានអនុវត្តជោគជ័យនៅតាមបណ្តាប្រទេសមួយចំនួន ដែលខ្លួនយល់ថាមិនដើរតាមបន្ទាត់នយោបាយ ឬមិនស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន។

ទាំងសម រង្ស៊ី និង កឹម សុខា សុទ្ធតែបានទទួលអនុវត្តនូវផែនការបដិវត្តន៍ពណ៌ គោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងឡើងកាន់អំណាចដូចដែលប្រទេស មួយចំនួនតូចរងគ្រោះ។ ការអនុវត្តន៍ផែនការបដិវត្តន៍ពណ៌នេះ គឺជាជម្រើសចុងក្រោយ ដែល សម រង្ស៊ី និង កឹម សុខា បានធ្វើតាំងពីយូរមកហើយ ព្រោះពួកគេបានបរាជ័យជាច្រើនដង ក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងដឹកនាំប្រទេស។ គីឡូនយោបាយរបស់ពួកគេពិតជានៅស្រាលឆ្ងាយណាស់ពីសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផ្សេងទៀត។

គេកត់សម្គាល់ឃើញថា សន្ទុះនៃការអនុវត្តផែនការនេះខ្លាំងនៅអំឡុងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ប៉ុន្តែពួកគេបរាជ័យ និងបានប្រែក្លាយទៅជាការសាកល្បងកម្លាំង ហើយ
ផែនការនេះត្រូវបានបន្តអនុវត្តតមកទៀត និង គោលដៅចុងក្រោយរបស់ពួកគេ គឺនៅឆ្នាំ២០១៨។ ប៉ុន្តែដោយសារតែអំនួតខុសក្បួនដែល កឹម សុខា ខ្លួនឯងក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ បានសារភាពថា ខ្លួនបានទទួលផែនការពីសហរដ្ឋអាមេរិកធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដូចដែលធ្លាប់បានធ្វើនៅអតីតប្រទេសយូហ្គោស្លាវីនិងស៊ែរប៊ី។ ពួកគេពិតជាបានក្បត់កម្ពុជាយ៉ាងច្បាស់។

ទី២- ក្បត់ជាតិ និងយកអធិបតេយ្យជាតិខ្មែរឱ្យបរទេសជាន់ឈ្លី៖ នេះ គឺជាកំហុសនយោបាយដ៏ធ្ងន់ធ្ងរបំផុតរបស់ក្រុមបក្សប្រឆាំង មិនអាចអត់ឱនឲ្យបានទេ ជាទង្វើក្បត់
ជាតិ និងលក់អធិបតេយ្យជាតិខ្មែរពិតប្រាកដ។ ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ក្រុម ខ្លួនពួកគេសុខចិត្តឱនក្បាលបម្រើបរទេស និងយកអធិបតេយ្យជាតិខ្មែរទាំងមូលទៅដាក់ ក្រោមបាតជើងបរទេស ដោយពួកគេបានទៅអង្វរឲ្យបរទេសជាចៅហ្វាយខ្លួនដាក់សម្ពាធនយោបាយប្រឆាំងរាជរដ្ឋាភិបាល និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេស
និងប្រជាជនខ្លួន។

ពួកគេបានវាយបំបែកឆ្នាំងបាយរបស់ប្រជាជនកម្ពុជា ជាពិសេសកម្ម ករកម្មការិនីរាប់សែននាក់ តាមរយៈការស្នើឲ្យសហគមន៍អន្តរជាតិ កុំផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោកនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ ពួកគេធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍ជាតិនេះគឺជាយុទ្ធសាស្ត្រចាញ់-ចាញ់។ ចាញ់ទាំងលើមតិជាតិ និងមតិអន្តរជាតិ។

ក៖ ចាញ់លើមតិជាតិ គឺប្រជាពលរដ្ឋខ្មែរពិតជាបានឃើញច្បាស់ថាតើនរណាស្រឡាញ់ជាតិពិតប្រាកដ ហើយនរណាជាអ្នកបំផ្លាញជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយបានជាម្ចាស់ប្រទេសមិនបានផ្តល់សេចក្តីទុកចិត្តលើពួកគេឲ្យដឹកនាំប្រទេសតាមរយៈការបោះឆ្នោតឡើយ ដែលធ្វើឱ្យពួកគេបាក់អំនួតយ៉ាង អាម៉ាសបំផុតព្រោះចាញ់ការបោះឆ្នោតយ៉ាងផ្កាប់មុខ។
ខ៖ ចាញ់លើមតិអន្តរជាតិ ព្រោះតែសហគមន៍អន្តរជាតិបានដឹងពីចរិតពិតរបស់អ្នកនយោបាយបក្សប្រឆាំងដែលដើរតែ បង្ខូចកេរ្តិ៍ឈ្មោះជាតិខ្លួន និងអង្វរឲ្យសហគមន៍អន្តរជាតិចូលរួមជាមួយខ្លួន ដើម្បីបំផ្លាញកម្ពុជា។ អ្នកនយោបាយបក្សប្រឆាំងខ្មែរត្រូវបានគេវាយតម្លៃថាជាអ្នកនយោបាយមិនថ្លៃថ្នូរ និងជាអ្នកនយោបាយបំផ្លាញជាតិ និងបម្រើផលប្រយោជន៍បុគ្គលជាងប្រយោជន៍ជាតិ បើប្រៀបធៀបនឹងមេដឹកនាំនៃបក្សប្រឆាំងផ្សេងទៀត នៅលើពិភពលោកជារួម និងដោយឡែកនៅក្នុងចំណោមប្រទេសអាស៊ាន សូម្បីលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំងដែល សម រង្ស៊ី និង កឹម សុខា យកតម្រាប់តាមនោះក៏មិនបានអំពាវនាវឲ្យបរទេសកាត់ជំនួយ និងដាក់សម្ពាធនយោបាយ ឬទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងជាតិខ្លួនឡើយ។

នៅប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវាត្រា លោកស្រី យីងឡាក់ មិនដែលស្នើឲ្យបរទេសដាក់សម្ពាធនយោបាយប្រឆាំងជាតិខ្លួនឡើយ។ ចុះហេតុអ្វីចំលែកតែក្រុមអ្នកនយោបាយបក្សប្រឆាំងនៅកម្ពុជា? ដោយសារតែទង្វើនេះហើយបានជំរុញឲ្យពួកគេដើរខុសយុទ្ធសាស្ត្រ និងធ្វើឲ្យគណបក្សខ្លួន រួមនឹងអ្នកនយោបាយនៃបក្សនេះត្រូវបាន រំលាយដោយច្បាប់ និងហាមឃាត់ការធ្វោនយោបាយតាមច្បាប់។

ទី៣- ប្រព្រឹត្តកំហុសផ្នែកច្បាប់ធ្ងន់ធ្ងរបំផុត៖ ទាំង សម រង្ស៊ី និង កឹម សុខា បានអួតក្តែងៗអំពីការគោរពច្បាប់ ប៉ុន្តែនៅពីក្រោយខ្នងនយោបាយរបស់ខ្លួនពោរពេញដោយការបំពានច្បាប់។ អ្នកទាំងនេះជាតំណាងរាស្ត្រ អង្គុយលើច្បាប់ បំពានច្បាប់។

ច្បាប់ចែងមិនអនុញ្ញាតឲ្យគណបក្សនយោបាយមួយទទួលការបង្គាប់បញ្ជាពីគណបក្ស ឬពីរដ្ឋាភិបាលបរទេសណាមួយឡើយ ប៉ុន្តែ កឹម សុខា សម រង្ស៊ី បានឃុបឃិតនឹងបរទេស ហើយបានប៉ងបំផ្លាញចោលនូវអ្វី ដែលកម្ពុជាមានសព្វថ្ងៃ។ ទង្វើរបស់ពួកគេមើលទៅហាក់ដូចជាស្នេហាជាតិ ស្រឡាញ់ប្រជាជន ប៉ុន្តែពិតជាទង្វើបោកប្រាសពិតដូចជាបង្កើតមូលនិធិរៃអង្គាសប្រាក់ ដើម្បីបើកទូរទស្សន៍តែទីបំផុតងងឹតសូន្យឈឹង។
ពួកគេមិនបានបម្រើជាតិខ្មែរពិតឡើយ ប៉ុន្តែបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយពួកគេ និងដើម្បីបានផលប្រយោជន៍សម្រាប់ក្រុមពួកគេ។ ដើម្បីបំពេញមហិច្ឆតាអំណាចដ៏ជោគជាំរបស់ខ្លួន កឹម សុខា ហ៊ានក្បត់ជាតិខ្លួនឯង បម្រើបរទេសតាំងពីឆ្នាំ១៩៩៣ និង ព្យាយាអនុវត្តផែនការសព្វបែបយ៉ាង ដើម្បីសម្រេចបំណងចុងក្រោយឡើងគ្រប់គ្រងអំណាចតាមទម្រង់បដិវត្តន៍ពណ៌។
តើប្រទេសណាមួយដែលលើកលែងឱ្យគណបក្សដែល ទទួលបង្គាប់បញ្ជាពីបរទេស និងអត់ឱនឱ្យជនក្បត់ជាតិដូចជា កឹម សុខា នេះ? គ្មានទេ! នេះគឺជាកំហុសយុទ្ធសាស្ត្រមួយទៀតរបស់ សម រង្ស៊ី និង កឹម សុខា ដែលចង់បានអំណាច ប៉ុន្តែមិនបានគិតពីបន្ទាត់ក្រហមនៃច្បាប់។ ការជ្រើសរើសយកការបំពានច្បាប់ ដើម្បីសម្រេចបំណងអំណាចខ្លួនគឺជាកំហុសយុទ្ធសាស្ត្រមួយដ៏ធ្ងន់ធ្ងរបំផុត ព្រោះនេះគឺជាការបង្ហាញពីភាពផ្ទុយគ្នារវាងមាត់ថាគោរពច្បាប់ ប៉ុន្តែទង្វើរំលោភច្បាប់។

ទី៤- បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន៖ នយោបាយរបស់ក្រុមបក្ស គឺប្រឆាំងនឹងភាពសុខសាន្ត និងការអភិវឌ្ឍរបស់ជាតិខ្លួន។ តាំងពីដើមរៀងមក ក្រុមប្រឆាំង មិនបានចូលរួមកសាងសមិទ្ធផលណាមួយជូនជាតិឡើយ ប៉ុន្តែពួកគេសប្បាយចិត្តក្នុងការបំផ្លាញសមិទ្ធផលទាំងនោះតាមគ្រប់រូបភាព។ សូម្បីតែមោទនភាពជាតិ ក៏ពួកមិនបានចូលរួមអបអរសាទរផងដូចជាការដាក់ប្រាសាទព្រះវិហារនិងប្រាសាទសំបូរ ព្រៃគុកចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សម រង្ស៊ី និងកឹម សុខា ព្រមទាំងគូកន គឺគ្រាន់តែជាអ្នកស្នេហាជាតិលើបបូរមាត់ប៉ុណ្ណោះ។ ពួកគេធ្វើនយោបាយប្រឆាំង ប៉ុន្តែគួរប្រឆាំងត្រឹមតែនយោបាយ មិនគួរណាប្រឆាំងនឹងសមិទ្ធផលជាតិ និងប្រជាជនឡើយ។ សន្តិភាព និងការអភិវឌ្ឍ គឺជាកត្តាចាំបាច់សម្រាប់ជាតិ និងអ្វីដែលប្រជាជនកម្ពុជាចង់បានរាប់ទាំងសមាជិកសមាជិកា និងអ្នកគាំទ្របក្សខ្លួនផងដែរ។ ប៉ុន្តែហេតុអ្វីបានជា សម រង្ស៊ី និង កឹម សុខា ធ្វើនយោបាយប្រឆាំងនឹងការចង់បានរបស់ប្រជាជនកម្ពុជា? តើនេះមិនមែនជាកំហុសយុទ្ធសាស្ត្រនយោបាយទេឬ? ដែលក្រុមប្រឆាំងព្យយាមសម្រេចនូវ គោលបំណងអំណាចរបស់ខ្លួន ប៉ុន្តែមិនបានគិតពីការបំផ្លាញសន្តិភាព និងស្ថិរភាព នយោបាយរបស់ជាតិ? ចំពោះមុខនៃការគំរាមកំហែងដ៏ធ្ងន់ធ្ងរនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាចិត្តថា ទោះបីជាក្នុង
តម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍ និងវិបុលភាព ដែលរកបានមកដោយពិបាកនេះឲ្យបានកាន់តែរឹងមាំថែមទៀត មិនអនុញ្ញាតឲ្យជនណាម្នាក់បំផ្លាញបានឡើយ។

ទី៥- ការបង្កើតចលនាឧទ្ទាមខុសច្បាប់៖ ការសម្រេចចិត្តចុងក្រោយនេះរបស់ សម រង្ស៊ី បង្កើតចលនាសង្គ្រោះជាតិ ដែលជាឧទ្ទាមខុសច្បាប់ ដើម្បីសង្គ្រោះជីវិតនយោបាយខ្លួន និងក្រុមខ្លួន ក៏ដូចជាការស្វែងរកទីតាំងឈរជើងនយោបាយមួយ រួមនឹងការប្រមូលកម្លាំង និងឡើងធ្វើប្រធានបក្សប្រឆាំងឡើងវិញជំនួស កឹម សុខា គឺកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរមួយទៀត ព្រោះថាចលនា ដែលបង្កើតឡើងនេះ គឺជាចលនាដែលប្រឆាំងនឹងភាពសុខសាន្តរបស់ជាតិនិងប្រជាជន។

អំឡុងពេលនៃការប្រកាសដំណើរការចលនាសង្គ្រោះជាតិ ដែលមិនត្រូវបានស្វាគមន៍ និងចូលរួមដោយក្រុម កឹម សុខា និយមនេះ សម រង្ស៊ី បានធ្វើ សុន្ទរកថា បែបញុះញង់ និងបំផ្លាញកម្ពុជាម្តងទៀត និងបានប្រកាសជាចំហរផែនការប្រឆាំងនឹងរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តន៍ ការញុះញង់ប្រជាជនកម្ពុជា ឲ្យងើបបះបោរធ្វើបាតុកម្ម និងញុះញង់ឲ្យកងទ័ពបែរចុងកាណុងប្រឆាំងនឹងប្រជាជនខ្លួនឯង និង ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។ ចុងក្រោយនេះចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ នេះបានត្រឹមតែបង្កើតឲ្យមានឈ្មោះប៉ុណ្ណោះព្រោះគ្មានការចូលរួម និងគាំទ្រឡើយក្រៅពីក្រុមខ្លួនមួយក្តាប់តូច។

សរុបមកវិញ មួយឆ្នាំក្រោយពីការលាលែងរបស់ សម រង្ស៊ី ប្រធានបក្សសង្គ្រោះជាតិ ក្រឡេកទៅក្រោយវិញ ឃើញតែកំហុសយុទ្ធសាស្ត្រ ដែលក្រុមបក្សប្រឆាំងអនុវត្តតាំងពីដើមរហូតដល់ចប់។ សម រង្ស៊ី ខំទុកចិត្ត កឹម សុខា និងមន្ត្រីបក្សផ្សេងទៀតថា នឹងអាចជួយសង្គ្រោះជីវិតនយោបាយខ្លួន និងបក្សសង្គ្រោះជាតិបាន មិនឲ្យរំលាយដោយច្បាប់ព្រោះទាំងបក្ស និងថ្នាក់ដឹកនាំនៃបក្សនេះសុទ្ធតែប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរ និងក្បត់ជាតិ។ ប៉ុន្តែក្តីសង្ឃឹមនេះត្រូវបានរលាយដូចអំបិលត្រូវទឹក ព្រោះតែកំហុសយុទ្ធសាស្ត្រ និងកំហុសធ្ងន់ធ្ងរក្នុងផ្លូវច្បាប់ ទីបំផុតគណបក្សសង្គ្រោះជាតិដែលមានបរទេសជាឆ្មបបង្កើតឡើង ដើម្បីបំផ្លាញកម្ពុជាត្រូវបានតុលាការកំពូលសម្រេចរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីបានរកឃើញថាគណបក្សនេះរំលោភច្បាប់ស្តីពីគណបក្សនយោបាយ។

ចំណែកសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាលបក្សចំនួន ១១៨រូបត្រូវបានដកសិទ្ធិមិនឱ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំថែមទៀត។ សម រង្ស៊ី ខ្លួនឯងមិនមែនត្រឹមតែមិនអាចជួយបក្សបាន ថែមទាំងបានប្រព្រឹត្តកំហុសផ្នែកច្បាប់ម្តងហើយម្តងទៀត រហូតដល់ក្លាយខ្លួនជាជនក្បត់ជាតិដូចឪពុកខ្លួនដែរ និង បានក្លាយពីប្រធានគណបក្សមួយ ទៅជាមេចលនាឧទ្ទាមខុសច្បាប់ប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដែលរដ្ឋាភិបាលតាមរកមុខបំផុត។ នេះគឺជាលទ្ធផលនៃកំហុសយុទ្ធសាស្ត្រនយោបាយ និងការបំពានច្បាប់របស់អ្នកនយោបាយមាន់សម្លររូបនេះ! ចៅ ចាក់ស្មុក សូមចូលរួមអបអរសាទរពីចម្ងាយនូវខួបមួយឆ្នាំនៃការលាលែងតំណែងនេះផង!

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨