(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតសកល ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារសន្តិភាព និងបន្តការអភិវឌ្ឍលើផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រទៅមុខទៀត។
ការជំរុញបែបនេះ ត្រូវបានលើកឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធពុទ្ធិសមិទ្ធផលនានា ក្នុងវត្តព្រះខ័នជយារាម ហៅវត្តប្រាសាទ ដែលមានអាយុកាលប្រមាណ ១៥០ឆ្នាំ មកហើយ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោករដ្ឋមន្ត្រីបានបន្តថា គ្រប់សាសនាទាំងអស់អាចស្ថិតស្ថេរ និងរីកចម្រើនទៅបាន អាស្រ័យលើកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានលទ្ធិប្រជាធិបតេយ្យជាមុន ហើយអ្វីទាំងអស់នេះ មានតែគណបក្សប្រជាជន ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីតែមួយគត់ ដែលបាននាំមកឲ្យប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះហើយ ដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំកម្ពុជាទៅរកការអភិវឌ្ឍបន្តទៀត សូមប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រៀមខ្លួនឲ្យបានស្រេច ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីអះអាងថា កម្ពុជាមិនគ្រាន់តែមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីជាការកត់សម្គាល់ជាងនេះទៅទៀតនោះ គឺវិស័យព្រះពុទ្ធសាសនា និងសាសនាទាំងអស់ស្ថិតក្នុងភាពសុខដុមរមនា គ្មានជម្លោះសាសនានោះឡើយ ខណៈដែលប្រទេសមួយចំនួនកំពុងមានជម្លោះសាសនា រហូតដល់មានការបង្ហូរឈាមគ្នា។ ភាពសុខដុមរមនាលើវិស័យសាសនាទាំងនេះ មិនអាចកាត់ផ្ដាច់បានពីគោលនយោបាយដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនោះឡើយ។
លោក ថោង ខុន ក៏បានរំឭកដែរថា រយៈពេល៣៩ឆ្នាំ នៃការរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសរយៈពេល២០ឆ្នាំ នៃការចាប់ផ្ដើមអភិវឌ្ឍប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៨ ក្រោមម្លប់នៃសន្តិភាពពេញលេញ ឃើញថាវត្តអារាមផ្នែកព្រះពុទ្ធសាសនាទូទាំងប្រទេស មានកើនឡើងជាលំដាប់ ដែលក្នុងពេលបច្ចុប្បន្ននេះ មានវត្តអារាមរហូតដល់ទៅ ៤,៦៧៦វត្ត និងមានព្រះសង្ឃជាង ៥ម៉ឺនអង្គ។ ផ្នែកពុទ្ធចក្រអាចមានការរីកចម្រើនទៅបាន ក៏អាស្រ័យដោយការរីកចម្រើននៃវិស័យអាណាចក្រ ដែលជាកត្តាកំណត់។ ប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា ទើបអាចមានលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធព្រះពុទ្ធសាសនា ដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ស្រះទឹកជាដើម និងមានលទ្ធភាពផ្គត់ផ្គង់បម្រើព្រះសង្ឃជាង ៥ម៉ឺនអង្គ នៅទូទាំងប្រទេសទៅបាន។
សូមជម្រាបថា ក្នុងឱកាសបញ្ចុះខណ្ឌសីមា និងសម្ពោធពុទ្ធិសមិទ្ធផលនានាក្នុងវត្តប្រាសាទ នៃស្រុកបារាយណ៍ នាថ្ងៃនេះ លោករដ្ឋមន្ត្រី និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ ក្រុមការងារ សប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមជាបច្ច័យសរុបប្រមាណ ២០លានរៀល សម្រាប់យកទៅកសាងពុទ្ធិសមិទ្ធផលនានា ក្នុងវត្តបុរាណនេះបន្តទៀត៕