(តាកែវ)៖ បន្ទាប់ពីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មក លោក ជា វ៉ាន់ដេត តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាទី បានចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ចំនួនប្រមាណជាង២២,០០០នាក់ លោកគ្រូអ្នកគ្រូប្រហែល៩០០នាក់ និងសាខាបក្សភូមិ ក្រុមប្រឹក្សាឃុំប្រហែល៧០០នាក់ នៅគ្រប់ឃុំទាំង១៥ នៃស្រុកបាទី គិតមកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងក្នុងកិច្ចសំណេះសំណាលនេះ តំណាងរាស្ត្រ ជា វ៉ាន់ដេត ថ្លែងអំណរគុណចំពោះកម្មករ-កម្មការិនី លោកគ្រូអ្នកគ្រូ និងថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយបានធ្វើឲ្យសំឡេងគាំទ្រដល់គណបក្សក្នុងស្រុកបាទីកើនឡើងបានជាង១៣,០០០សំឡេង។
លោកក៏បានក្រើនរំលឹកដល់កម្មករ-កម្មការិនីថា ប្រទេសកម្ពុជាមានសន្តិភាព ទើបមានការបង្កើតរោងចក្រ ហើយមានរោងចក្រ ទើបមានការងារធ្វើ និងបានជម្រាបជូនអំពីស្ថានភាពនយោបាយថ្មីៗ អំពីចលនាបដិវត្តន៍ពណ៌ និងផលវិបាកនៃចលនានេះ ព្រមទាំងវិធានការបង្ក្រាបចលនាបដិវត្តន៍ពណ៌ ដោយរាជរដ្ឋាភិបាល ដើម្បីបញ្ចៀសសង្គ្រាម។
បន្ថែមពីនេះ លោក ជា វ៉ាន់ដេត បានលើកឡើងអំពីអត្ថប្រយោជន៍មួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូនកម្មករ-កម្មការិនី ដែលរួមមាន អត្ថប្រយោជន៍ជាប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗទៀតមិនមែនជាប្រាក់ខែ និងណែនាំដល់កម្មករ-កម្មការិនីទាំងអស់ ខិតខំតស៊ូប្រឹងប្រែងធ្វើការងារឲ្យគ្រប់រយៈពេលកំណត់ដោយច្បាប់ ដើម្បីអាចទទួលបានប្រាក់សោធននិវត្តន៍ ក្នុងពេលអនាគត។
ក្រៅពីនេះ លោក សំណូមពរដល់កម្មករ-កម្មការិនីទាំងអស់ឲ្យខិតខំមើលថែទាំ និងយកចិត្តទុកដាក់អប់រំកូនចៅឲ្យបានល្អ ដើម្បីពួកគេមានអនាគតល្អ។
សូមជម្រាបថា មុនបោះឆ្នោតឆ្នាំ២០១៧ លោក ជា វ៉ាន់ដេត បានជួបជាមួយកម្មករ-កម្មការិនី ចំនួនប្រមាណជាង១៨,០០០នាក់ លោកគ្រូអ្នកគ្រូ នៅគ្រប់ឃុំទាំង១៥ នៃស្រុកបាទី៕