(ភ្នំពេញ)៖ ក្រោយការប្រកាសដាក់ចេញកណ្តាប់ដៃដែកជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ គេសង្កេតឃើញមន្ត្រីទូទាំងរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់ បានបញ្ចេញសកម្មភាព បញ្ចេញស្នាដៃយ៉ាងសកម្មក្នុងការចាត់វិធានការប្រកប ដោយប្រសិទ្ធភាពខ្ពស់បំផុតចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស។
របាយការណ៍បង្ហាញគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ មានរថយន្តកែច្នៃដាក់ទ្រុងសណ្តាងធំៗខុសបច្ចេកទេស ៨១គ្រឿងហើយដែលបានកាត់ទ្រុងចេញ និងរថយន្ត ៧៦គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ៣១០គ្រឿងទៀត កំពុងត្រៀមកាត់ទ្រុងចេញ។
រឿងរថយន្តតទ្រុងបង្កឲ្យផ្លូវខូច បង្កគ្រោះថ្នាក់ចរាចរណ៍លើដងវិថី មិនមែនជារឿងថ្មី បញ្ហាថ្មីឡើយ គឺកើតមានច្រើនឆ្នាំណាស់មកហើយ ភាពត្អូញត្អែរបស់ប្រជាពលរដ្ឋក៏លាន់ឮញឹកញាប់ ច្បាប់ស្តីពីការដឹកជញ្ជូន ច្បាប់ស្តីពីការរៀបចំរថយន្តតទ្រុងសុទ្ធតែមានទាំងអស់ តែបែរជាការអនុវត្តន៍អត់មានប្រសិទ្ធភាពទៅវិញ។ មន្ត្រីនៅតែប៉ក់ល្វើយ ទុកឲ្យរថយន្តតទ្រុងខុសបច្ចេកទេសធ្វើចរាចរណ៍លើដងវិថីបំផ្លាញផ្លូវ បង្កគ្រោះថ្នាក់ចរាចរ...យ៉ាងរំភើយ។
ផ្ទុយទៅវិញគ្រាន់តែសម្តេចប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាចេញភ្លាមការអនុវត្តន៍ត្រូវបានធ្វើឡើងសស្រាក់សស្រាំ មន្ត្រីគ្រប់ជាន់ថ្នាក់បង្ហាញស្នាដៃរបស់ខ្លួនតាមទំព័រព័ត៌មាន និងកញ្ចក់ទូរទស្សន៍។ តាមរយៈសកម្មភាពនេះ បានបង្ហាញថាការចាត់វិធានការទៅលើរថយន្តតទ្រុងមិនមែនមិនអាចធ្វើបាននោះទេ គ្រាន់តែថា ស្មារតីនៃការអនុវត្តន៍ច្បាប់ប្រហែលជាមានអនុភាពមិនដល់ការអនុវត្តន៍បទបញ្ជា។ សម្តេចតេជោ តែងតែណែនាំមន្ត្រីឲ្យអនុវត្តន៍ការងារ និងមានចំណាត់ការនានាទៅតាមច្បាប់ដែលមានចែង មិនមែនចាំតែបទបញ្ជារបស់សម្តេចនោះទេ ត្បិតភារកិច្ចធំៗរបស់សម្តេចសម្រាប់ជាតិមាតុភូមិនេះមានច្រើនខ្លាំងណាស់។
នៅពេលឃើញការអនុវត្តន៍ច្បាប់របស់មន្រ្តីខ្សោយជាងការអនុវត្តន៍បទបញ្ជាបែបនេះ ធ្វើឲ្យមានការសង្ស័យថា តើច្បាប់ដែលដាក់ចេញពិបាកអនុវត្តន៍ មន្ត្រីមានកម្សោយក្នុងការអនុវត្តន៍ច្បាប់ ម្ចាស់រថយន្តខ្លាំងជាងច្បាប់ ព្រោះអ្នករកស៊ីដឹកជញ្ជូនខ្លះមានអំណាច និងឥទ្ធិពលខ្ពស់ ឬមួយមន្រ្តីមានចេតនាមិនអនុវត្តន៍ច្បាប់ទុកចាំសម្តេចបញ្ជាធ្វើដើម្បីយកគុណសម្បត្តិ?
ការដែលអនុវត្តន៍បទបញ្ជាមានសកម្មភាពសកម្ម និងមានអនុភាពជាងការអនុវត្តន៍ច្បាប់ តើនឹងមានបញ្ហាសម្រាប់សង្គមនេះដែរឬទេ?
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញគម្រោងដាក់អម្រែកដ៏សែនធ្ងន់នៅលើស្មាដែលសម្តេចបានរែកជាង៣០ឆ្នាំមកនេះ នាអំឡុង១០ឆ្នាំទៀតយ៉ាងតិច។ ដូច្នេះការនៅឈរដាក់បទបញ្ជារបស់សម្តេចឲ្យមន្ត្រីធ្វើការក៏មានរយៈពេលយ៉ាងតិច១០ឆ្នាំដែរ។
តើការងាររបស់មន្ត្រីនឹងទៅជាយ៉ាងណានៅពេលសម្តេចឈប់ឈរដាក់បទបញ្ជា?
មិនមែនរឿងរថយន្តតទ្រុងនោះទេ នៅមានរឿងជាច្រើនទៀត ដែលគោលនយោបាយ ផែនការ និងច្បាប់បានដាក់ចេញទៅហើយ តែការអនុវត្តន៍របស់អ្នកពាក់ព័ន្ធហាក់មិនមានសន្ទុះទៅមុខ ឬអាចនិយាយបានថាមិនមានប្រសិទ្ធភាព។ នេះបានបង្ហាញថា មន្ត្រីមួយចំនួននៅតែមានទម្លាប់រង់ចាំបទបញ្ជាជាងការអនុវត្តន៍នូវផែនការ និងច្បាប់ដែលមានស្រាប់។
ដើម្បីប្រសិទ្ធភាពការងារក្នុងសង្គមមួយនេះ មន្ត្រីទាំងអស់គួរចាប់ផ្តើមទម្លាប់ប្រើ និងអនុវត្តន៍តាមផែនការ គោលការណ៍ ឬច្បាប់ដែលមានហើយឲ្យបានសកម្ម ហើយគួរចាប់ផ្តើមជម្រុះទម្លាប់អង្គុយរង់ចាំបទបញ្ជាផងដែរ។ មន្ត្រីជំនាន់មុនមានគុណសម្បត្តិមិនអាចកាត់ថ្លៃក្នុងការរំដោះជាតិមាតុភូមិ កសាងជាតិពីគំនរផេះផង់ ដែលជាបុព្វហេតុ បុព្វគុណនាំឲ្យ ពលរដ្ឋកម្ពុជាគោរពស្រឡាញ់ និងស្ញប់ស្ញែងចំពោះពួកគាត់។
សម្រាប់មន្ត្រីជំនាន់ថ្មីវិញ មិនមានស្នាដៃក្នុងការរំដោះជាតិទៀតនោះទេ ដូច្នេះមានតែការប្រឹងប្រែងបញ្ចេញស្នាដៃ នៅក្នុងការងាររបស់ខ្លួនរួមចំណែករុញច្រានជាតិឲ្យកាន់តែប្រសើរប៉ុណ្ណោះ ទើបអាចឲ្យប្រជាពលរដ្ឋកោតក្រែង និងស្ញប់ស្ញែងបាន៕
ប្រភព៖ ប្រជាពលរដ្ឋដែលចង់ឃើញមន្រ្តីគោរព និងអនុវត្តន៍ការងារតាមផែនការ និងច្បាប់