(ស្វាយរៀង)៖ អាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាម២នាក់ទៅតុលាការ ក្រោយបង្ក្រាបបាននៅស្រុកស្វាយជ្រំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនជាតិវៀតណាមខាងលើ ដោយកម្លាំងអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុកស្វាយជ្រំ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ រថយន្តម៉ាក LEXUS RX 300 ពាក់ស្លាក់លេខភ្នំពេញ2O-4914 បានដឹកភ្ញៀវជនជាតិចិនម្នាក់ និងវៀតណាមចំនួន០២នាក់ចេញពីភ្នំពេញ ទៅក្រុងបាវិត ដែលសង្ស័យថាភ្ញៀវទាំង០៣នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន។
រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយពីទទួលបានព័ត៌មានភ្លាម ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានរៀបចំកម្លាំងចាំស្ទាក់ នៅចំណុចខាងមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដើម្បីចាំឃាត់រថយន្តខាងលើ ពេលរថយន្តមកដល់កម្លាំងជំនាញ បានប្រើសញ្ញាភ្លើងពិលចរាចរណ៍ជាសញ្ញាឲ្យរថយន្តឈប់ តែរថយន្តមិនព្រមឈប់កម្លាំងកងរាជអាវុធហត្ថ ក៏ដេញតាមមកដល់ចំណុចរង្វង់នាគព័ន្ធ ស្ថិតនៅភូមិ ស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទើបឃាត់រថយន្តឲ្យឈប់ឃើញមានមនុស្សចំនួន០២នាក់ ជាជនជាតិវៀតណាម និងម្នាក់ទៀត ជាអ្នកបើកបរជនជាតិខ្មែរ រួចក៏ធ្វើការឆែកឆេរលើខ្លួនប្រាណពុំមានអ្វីទេ។
ពេលបញ្ជូនមកដល់មូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយជ្រំ កម្លាំងសមត្ថកិច្ចក៏ធ្វើការឆែកឆេររថយន្តរកឃើញ ថ្នាំញៀនចំនួន០៣កញ្ចប់ធំ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១៖ ឈ្មោះ ទ្រិញ វូហ្វឿងតាំ ភេទប្រុស អាយុ២៥ឆ្នាំ និងទី២៖ឈ្មោះ ង្វៀន ទឹងគៀត ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣៖ ឈ្មោះ ភិន វណ្ណឌី អាយុ១៩ឆ្នាំ។
ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ធំ ស្មើ៣០៦ក្រាម, ប្រាក់ដុងចំនួន៨១៥.០០០ដុង, ប្រាក់ដុល្លារចំនួន០៨ដុល្លារ, ទូរសព្ទដៃចំនួន០២គ្រឿង និងអត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក។
បច្ចុប្បន្នជនសង្ស័យជនជាតិវៀតណាមទាំង០២នាក់ និងវត្ថុតាងបញ្ជូនទៅតុលាការខេត្តស្វាយរៀង ចំណែកអ្នកបើកបររថយន្ត ដោយពុំមានការពាក់ព័ន្ធអ្វីនោះទេ គឺអប់រំអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕