(តាកែវ)៖ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កំពុងធ្វើដំណើរចុះតាមមូលដ្ឋានដូចសព្វដង ប៉ុន្ដែព្រឹកមិញនេះពេលកំពុងធ្វើដំណើរ ស្រាប់តែប្រទះឃើញចោរ២នាក់បានឆក់កាបូបពីស្ដ្រីវ័យចំណាស់ម្នាក់ ភ្លាមនោះលោកអភិបាលខេត្តបានបើករថយន្ដដេញតាមចាប់តែម្ដង ក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី។
ក្រោយក្របួចបានក្រុមចោរឆក់ទាំង២នាក់ដោយផ្ទាល់ដៃ លោកអភិបាលខេត្តតាកែវ បានទាក់ទងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីបញ្ជូនជនសង្ស័យទាំងនោះទៅសួរនាំ និងចាត់វិធានការបន្ដតាមផ្លូវច្បាប់។
យ៉ាងណាមិញ ចំពោះសកម្មភាពខាងលើនេះរបស់អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ក៏ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន សម្ដែងការសាទរ និងអបអរយ៉ាងខ្លាំងចំពោះលោក ដែលជួយសង្គ្រោះប្រជាពលរដ្ឋពីកណ្ដាប់ដៃក្រុមចោរឆក់ខាងលើ៕