(ភ្នំពេញ)៖ រំលងបានតែមួយថ្ងៃប៉ុណ្ណោះ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពគាស់ឃ្លាំងចូលលួច​ខោអាវ យកអស់ចំនួន៣,០០០ខោអាវនោះ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួននៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ​បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយគាស់ទម្លុះទម្លាយ (គាស់ឃ្លាំងចូលលួចយកខោអាវ) នៅចំណុចក្នុងឃ្លាំងសិប្បកម្មកាត់ដេរខោអាវ មីងរូយឃាង ផ្លូវលំ ភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលជនសង្ស័យ​ ឈ្មោះ សុត សុភក្តិ ​អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។

បើតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ​ម៉ូវ លីប៊ួយ ​ភេទស្រី អាយុ៣២ឆ្នាំ មុខរបរប្រធានរដ្ឋបាលសិប្បកម្មកាត់ដេរខោអាវ «មីង រូយឃាង» ស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា សម្ភារបាត់បង់គឺ ខោអាវសរុបចំនួន៣,០០០សម្រាប់ ហើយនៅកន្លែងកើតហេតុសម្ភារបន្សល់ទុក ខោជើងវែងពណ៌ខ្មៅចំនួន១៦៣៨ខោ​, ខោជើងខ្លីពណ៌ខ្មៅចំនួន១២៧ខោ​, អាវយឺតដៃខ្លីចំនួន៥០អាវ​, អាវយឺតវាលឃ្លៀកចំនួន៥៨០អាវ។

សមត្ថកិច្ចបានឲ្យដែរថា មុនពេលកើតហេតុ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨​ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មាន​ពីកន្លែងកើតថា នៅចំណុចខាងលើ ត្រូវបានចោរធ្វើសកម្មភាពគាស់ឃ្លាំង របស់សិប្បកម្មលួចយកខោ និងអាវ​អស់មួយចំនួនធំ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ច​បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវកំណត់មុខសញ្ញាបាន ឈានទៅធ្វើការឃាត់ខ្លួន ជនសង្ស័យតែម្ដង។

​នៅក្នុងផ្ទះរបស់ជនសង្ស័យ រកឃើញវត្ថុតាងខាងលើ រួចកម្លាំងសមត្ថកិច្ចជំនាញ បាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕