(​ព្រះសីហនុ)៖ នៅ​វេលាម៉ោង​១០៖២០​នាទីយប់​ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ​ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព​ឆក់កាបូបនារីជនជាតិចិនម្នាក់​ ដែល​កំពុងដើរតាមផ្លូវ​ នៅមុខសណ្ឋាគារវិមានខ្សាច់​ស​ ម្តុំ​អូរ​ឈើទាល​ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ តែមិនបានសម្រេច​​បណ្តាលឲ្យជនរងគ្រោះដួល​​រងរបួស​។

​លោក​ឧត្តម​សេនីយ៍​ត្រី ​កុល​ ផា​លី ​ស្នងការរងទទួល​ផែន​ព្រ​ហ្ម​ទណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម និងមានបញ្ជាពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ និង​​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤សង្កាត់​លេខ​២​ បាន​សហការ​គ្នា​​ប្រកាស​តាម​វិទ្យុ​ទាក់ទង​ ស្ទាក់​ដេញ​ប្រផាប់​ប្រភីង ស្ទាក់ចាប់បាន​ជនសង្ស័យ​២​នាក់​ នៅ​ចំណុច​ផ្លូវ​កោង​ កែង​តុលា​ការ​ចាស់​ សង្កាត់​លេខ​៤។

ស្នងការរងរូបនេះបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ នួន ករណាវិសុទ្ធ​ អាយុ១៦​ឆ្នាំ​ ​មានទីលំនៅ​សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២៖ឈ្មោះ ឃុន ធីចាន់ដារិទ្ធ ហៅ​ចាន់ ​អាយុ​១៦ឆ្នាំ ​មានទីលំនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងសមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GT-9845 ជា​មធ្យោបាយ​ធ្វើសកម្មភាព។

ដោយឡែកស្រ្ដី​រងគ្រោះឈ្មោះ REN FANG ​អាយុ​២៨ឆ្នាំ ភ្ញៀវ​ទេសចរ​ ស្នាក់នៅសណ្ឋាគារ THE PALM PALACE RESORT ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពុំ​មាន​ការ​បាត់​បង់​សម្ភារអ្វី​ឡើយ​ តែ​មាន​របួស​បន្តិច​បន្តួច​​។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ ត្រូវបានបញ្ជូនទៅស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​កសាងសំណុំរឿង​ តាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូងខេត្ត៕